ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំឃាត់ខ្លួនជន ២នាក់ ជាមុខសញ្ញាដែលតែងតែអុកឡុកនៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ខណៈពួកគេផឹកស៊ីស្រវឹងធ្វើសកម្មភាពដេញវាយតប់គ្នា។
ជាក់ស្ដែងចុងក្រោយនេះ នារសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង(ហៅយោក) ស្ថិតក្នុងភូមិសាស្រ្តឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យបង្កទី១ ឈ្មោះ អាង ណារិន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ និងទិី២ ឈ្មោះ ឌឹម សម្បាតិ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកបន្តថា មុខសញ្ញាក្មេងទំនើងទាំង ២នាក់ តែងតែធ្វើសកម្មភាពអុកឡុកនៅកន្លែងរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង(ហៅយោក)នេះ នៅពេលមានពិធីបុណ្យទានមានភ្ញៀវមកទស្សនា ជាក់ស្ដែងដូននៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ជាដើម ប៉ុន្តែមិនមានបង្កបណ្ដាលឲ្យមានស្នាមរងរបួសដល់អ្នកដទៃនោះទេ។
លោកបន្តទៀតថា ជនសង្ស័យបង្កហេតុទាំង ២នាក់បានយកមកបន្តនីតិវិធី នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ហើយបានអប់រំតាមបញ្ជារបស់លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយបានធ្វើកិច្ចសន្យាលាយលក្ខណ៍ជាអក្សរត្រឹមត្រូវតាមនីតិវិធី ៕ ប៉ឹម ពិន