ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឈ្មួញចោទមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកព្រែកចាកពុករលួយ

ចែករំលែក៖

ខេត្តកំពត៖ ក្រុមអ្នករកសុីបានឲ្យដឹង ថា នគរបាលអន្តោប្រវេសន៍ក្រោមការគ្រប់ គ្រងរបស់លោក ជុំ ប៊ុណ្ណារ័ត្ន នៅច្រកទ្វារ ព្រែកចាក ខេត្តកំពតកំពុងតែប្រព្រឹត្តអំពើ ពុករលួយខ្លាំងជាងគេដែលបញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិមិនគួរបណ្តែតបណ្តោយតទៅទៀតឡើយ ។

ប្រភពបានឲ្យដឹងថា ពួកឈ្មួញនាំចូលទំនិញស្របច្បាប់ទោះបីមានឯកសារបង់ ពន្ធជូនរដ្ឋត្រឹមត្រូវយ៉ាងណាក៏ដោយក៏ក្នុងទំនិញ១កុងតឺន័រ ឬរថយន្តតូច ឬធុនធំត្រូវ តែចំណាយលុយជាច្រើនរយដុល្លារទើបអាចនាំទំនិញចូលទឹកដីខ្មែរបាន។ ប្រសិន បើមិនបង់លុយទៅតាមការកំណត់របស់ ក្រុមនគរបាលអន្តោប្រវេសន៍ក្រុមមន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះទេគឺមិនអាចដឹកទំនិញឆ្លងកាត់ច្រកព្រំដែនបានឡើយ។ ប្រការនេះធ្វើឲ្យក្រុមឈ្មួញនាំចូលទំនិញស្របច្បាប់ និងទំនិញវិនិយោគតាមច្រកទ្វារ អន្តរជាតិព្រែកចាកត្រូវប្រឈមនឹងការ លំបាកយ៉ាងខ្លាំង ព្រោះត្រូវក្រុមសមត្ថកិច្ចគាបយកលុយតាមអំពើចិត្ត ។

ថ្មីៗនេះអំពើពុករលួយរបស់លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពតកំពុង ប្រឈមនឹងការរិះគន់យ៉ាងខ្លាំង។ ដោយ ហេតុថា អំពើពុករលួយយ៉ាងពេញបន្ទុក របស់លោក ជុំ ប៊ុណ្ណារ័ត្ន និងបក្ខពួកកំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់របររកស៊ី របស់ក្រុមឈ្មួញដែលនាំចូលទំនិញតាម ច្រកនេះ ព្រោះអីពួកគេត្រូវចំណាយលុយ លើតុ និងក្រោមតុកាន់តែច្រើនឡើងៗ។ សូម្បីតែពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅ ពិនិត្យ និងព្យាបាលជំងឺនៅប្រទេសវៀតណាមក៏ប្រឈមនឹងការលំបាកដែរព្រោះ ត្រូវមន្ត្រីក្រោមឱវាទលោក ជុំ ប៊ុណ្ណារ័ត្ន គាបយកលុយស្រេចតែអំពើចិត្ត។

គួរបញ្ជាក់ថា រឿងអាស្រូវពុករលួយ របស់នគរបាលអន្តោប្រវេសន៍ ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀតនៅច្រកទ្វារ អន្តរជាតិព្រែកចាកខេត្តកំពតត្រូវបានមន្ត្រីតូចតាចប្រចាំច្រកនេះបើកកកាយជាបន្ត បន្ទាប់ ប៉ុន្តែក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនទាន់ចាត់វិធានការទប់ស្កាត់នៅឡើយទេ។ ផ្ទុយទៅវិញរហូតមកដល់ពេលនេះក្រសួងនិងស្ថាប័នពាក់ព័ន្ធនៅតែធ្វើមិនដឹងមិនឮចំពោះអំពើពុករលួយរបស់ក្រុមសមត្ថកិច្ចឈរជើងនៅច្រកទ្វារអន្តរជាតិព្រែកចាក ហើយទុកឲ្យពួកគេប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងថែមទៀត។ ក្នុងចំណោមសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិព្រែកចាកដែលកំពុងល្បីខាងប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតគឺនគរបាលអន្តោប្រវេសន៍មន្ត្រីគយមន្ត្រីកាំកុងត្រូលនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រុមមន្ត្រីស្នាក់ការច្រកទ្វារដែលគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ ។

រឿងអាស្រូវពុករលួយរបស់នគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិព្រែកចាកកំពុងត្រូវបានក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកនេះលាតត្រដាងជាសាធារណៈផងដែរព្រោះពីមួយឆ្នាំទៅមួយឆ្នាំសមត្ថកិច្ចពុករលួយគាបយកលុយពីឈ្មួញ និងអាជីវករនាំចូលទំនិញកាន់តែច្រើនឡើងៗ។ សូម្បីតែឈ្មួញនាំចូលទំនិញ វិយោគតាមច្រកទ្វារអន្តរជាតិព្រែកចាកក៏អត់ទ្រាំតទៅទៀតលែងបានដែរព្រោះនគរបាលអន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីកាំកុង ត្រូល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតម្រូវ ឲ្យបង់លុយលើតុ លុយក្រោមតុកាន់តែ ច្រើនឡើងៗ ។

ជាងនេះទៅទៀតក្រុមសមត្ថកិច្ចពុក រលួយបានឃុបឃិតឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធតាមអំពើចិត្ត ហើយ សូម្បីតែតាមរថយន្តក្រុងដឹកជញ្ជូនអ្នក ទេសចរក៏មានបង្កប់ទំនិញគេចពន្ធ ទំនិញខុសច្បាប់ពីប្រទេសវៀតណាមយ៉ាងពេញបន្ទុកដែរ ៕ ហេង សូរិយា

លោក ជុំ ប៊ុណ្ណារ័ត្ន

 


ចែករំលែក៖