ភ្នំពេញៈ កងវិស្វកម្មកម្លាំងមួកខៀវកម្ពុជាចំនួន២១៦ នាក់ ដែលទៅចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅចុងឆ្នាំ២០១៦ កន្លងទៅ បានត្រឡប់មកដល់ មាតុប្រទេសវិញប្រកបដោយជោគជ័យ នាព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
ក្នុងពិធីទទួលកងកម្លាំងវិស្វកម្មមួកខៀវកម្ពុជា ចំនួន ២១៦ នាក់ បានធ្វើមាតុភូមិនិវត្តន៍វិញ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមន្រី្តយោធាពាក់ព័ន្ធជាច្រើននាក់ទៀត។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងថាកម្លាំងមួកខៀវទាំង២១៦ នាក់ ដែលបានវិលមកកម្ពុជាវិញនេះ គឺបានបំពេញការងារទទួលបានជោគជ័យ និងមានការទទួលស្គាល់ពីស្នាដៃរបស់កម្ពុជា ដែលបានបំពេញការងាររយៈពេល១ឆ្នាំនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ។ កម្លាំងវិស្វ័កម្មនេះ គឺបានកសាងផ្លូវថ្នល់ ស្ពាន សាលារៀន អណ្តូងទឹក និងសំណង់ផ្សេងៗជាច្រើនទៀត ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បន្តថា “រាជរដ្ឋាភិបាល កម្ពុជាបានបង្ហាញពីចក្ខុវិស័យរបស់ខ្លួន ក្នុងគោលដៅនិរន្តភាពនៃការអភិវឌ្ឍន៍ថ្មី នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅបណ្តាប្រទេសចំនួន៨ ដោយប្តេជ្ញាយ៉ាងមុតមាំលើវិស័យរក្សាសន្តិភាព ក្នុងការចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីបន្តវិភាគទានរួមចំណែកជាមួយសហគមន៍អន្តរជាតិ”៕ ប្រាថ្នា