ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ផុតអាណត្តិ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលាមុនបញ្ចប់បេសកកម្មនៅកម្ពុជា។

ក្នុងជំនួបនេះ លោក Pitono Purnomo បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច ស្ថេរភាព និងសន្តិភាពក្នុងប្រទេស ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ទន្ទឹមនឹងនោះ លោកក៏បានកោតសរសើរអំពីការរីកចម្រើនលើវិស័យទេសចរណ៍ផងដែរ។

លោកអគ្គរដ្ឋទូត បានកោតសរសើដល់កម្ពុជាដែលកន្លងមកបានគាំទ្រឥណ្ឌូនេស៊ី ទាំងក្នុងកម្រិត តំបន់ និងអន្តរជាតិ។ ចំពោះកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានការកើនឡើងជាបន្តបន្ទាប់ដែលបច្ចុប្បន្ននេះមានប្រមាណ៤៥០លានដុល្លារ ហើយសង្ឃឹមថា នឹងមានការកើនឡើងជាបន្តទៀត។ លោក Pitono Purnomo បានកោតសរសើរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅដោយរលូន និងជោគជ័យ។ លោកបានអោយតម្លៃចំពោះសន្តិភាព និងការរីកចម្រើន នៅកម្ពុជា ហើយវាយតម្លៃថាបដិវត្តិពណ៍គឺមិនអាចកើតមាននៅលើទឹកដីកម្ពុជាបានទេ នៅក្រោមការគ្រប់គ្រងរបស់សម្តេចតេជោ។

លោក Pitono Purnomo បង្ហាញពីការរីករាយចំពោះវិស័យការពារជាតិដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ ដែលកន្លងមកមានការបណ្តុះបណ្តាលជួយលើកកំពស់សមត្ថភាព កងទ័ពជាដើ។ ជាមួយគ្នានេះដែរ ឥណ្ឌូនេស៊ី ក៏បានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាជាង៦០០នាក់ នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

សម្តេចតេជោ បានអរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានឃើញច្បាស់អំពីការរីកចម្រើនរបស់កម្ពុជា។ កន្លងមកនេះ ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងពេលវេលាដែលកម្ពុជាស្វែងរកសន្តិភាព។ វត្តមានឥណ្ឌូនេស៊ី គឺបានជួយអោយបានសម្រេចនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។ ទន្ទឹមនឹង នោះដែរ សម្តេចតេជោ បានសំណូមពរអោយខិតខំជំរុញការងារពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរនេះអោយមានសន្ទុះកើនឡើងថែមទៀត។ នៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនប្រមាណជាង២៦០លាននាក់ ហើយក៏ជាទីផ្សារធំជាងគេនៅក្នុងតំបន់អាស៊ាន និងជាទីផ្សារ ដ៏ធំរបស់កម្ពុជាផងដែរ។ បច្ចុប្បន្ននេះ វិនិយោគិនឥណ្ឌូនេស៊ី ក៏បានមកវិនិយោគនៅកម្ពុជាផងដែរ ដូចជាវិស័យសុខាភិបាលជាដើម។

សម្តេចតេជោ បានសុំអោយពង្រឹងកិច្ចសហប្រតិបត្តិការគ្នាជាបន្ថែមទៀត រួមមានការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចរវាងប្រទេសទាំងពីរ រួមទាំងទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រមុខដឹកនាំកម្ពុជា និងឥណ្ឌូនេស៊ី។ កន្លងមកយើងមានកិច្ចសហប្រតិបត្តិការដោយក្រសួងការបរទេសទាំងពីរដែលជួបប្រជុំគ្នាជាប្រចាំ ប៉ុន្តែបានផ្អាកតាំងពីឆ្នាំ ២០១២មក។ សម្តេចតេជោ បានស្នើសុំឲ្យមានការប្រជុំជាមួយគ្នាឡើងវិញដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណឥណ្ឌូនេស៊ីដែលកន្លងមកនេះបានជួយពលករខ្មែរដែលរងគ្រោះនៅតាមទូកនេសាទខុសច្បាប់ដោយអំពើបង្ខិតបង្ខំធ្វើបាបអោយធ្វើការហួសកម្លាំង ហើយបានបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព។ ដោយសារកំណើនភ្ញៀវទេសចរមកកម្ពុជាកាន់តែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ សម្តេចតេជោ បានជំរុញអោយមានកិច្ចសហប្រតិបត្តិការអោយបាន ខ្លាំងថែមទៀត លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ មុននឹងបញ្ចប់ សម្តេចតេជោ បានជូនពរលោកអគ្គរដ្ឋទូត ទទួលបានជោគជ័យ នៅក្នុងបេសកមកម្មថ្មីៗជាបន្តទៀត៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1507767239271768/” width=”600″ height=”400″ onlyvideo=”1″]

 


ចែករំលែក៖