ភ្នំពេញ៖ តំណាងក្រុមហ៊ុនដេប៉ូស្រាបៀរបាននាំខ្លួនកម្មករលើកស្រាបៀរ២នាក់ យកមកប្រគល់ឲ្យសមត្ថកិច្ចសាកសួរ បន្ទាប់ពីពួកគេធ្វើសកម្មភាពបន្លំលួចយកស្រាបៀរចំនួន៤កេះចេញពីឃ្លាំងកាលពីម៉ោង២០និង៣០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងឃ្លាំងស្តុកស្រាបៀរ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប៉ូលិសប្រាប់ថា យុវជនទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ១/ឈ្មោះ លិន រស់ អាយុ២២ឆ្នាំមុខរបរកម្មករ ស្នាក់នៅក្នុងឃ្លាំងខាងលើ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិស្រះ ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ ២/ឈ្មោះសាយ សឿន អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងឃ្លាំង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណី ភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។
លោក កន តារាវុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកគ្រប់គ្រង ស្នាក់នៅក្នុងឃ្លាំងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្តឹងរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ គឺថៅកែបានប្រើឲ្យកម្មកទាំង២នាក់លើកស្រាបៀរយកទៅឲ្យម៉ូយចំនួន៥០០កេះ ខណៈដែលលើកឡើងស្រាប់តែជនសង្ស័យខាងលើបានបន្លំសៀតស្រាបៀរចំនួន៤កេះបន្ថែម ដាក់ក្នុងរថយន្ត ហើយក៏បើកចេញពីឃ្លាំងទៅ ពេលនោះថៅកែ ក៏មើលស្រាបៀរក្នុងឃ្លាំងបាត់ចំនួន៤កេះ ដោយមានការសង្ស័យ ក៏បើករថយន្តតាមពីក្រោយរហូតដល់កន្លែងម៉ូយឈរចាំមើល កម្មករលើកស្រាបៀរចេញពីរថយន្តក្រោយពីលើកស្រាបៀរដាក់ឲ្យម៉ូយអស់ចំនួន៥០០កេះ ស្រាប់តែនៅសល់៤កេះទៀត ដែលពួកគេបន្លំយកមកពីឃ្លាំងនោះមែន ក្រោយមកក៏នាំខ្លួនពួកគេមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ប្រភពដដែលបានប្រាប់ទៀតថា បើរឿងស្រាបៀរចំនួន០៤កេសនេះវាមិនមែនជាបញ្ហាឡើយ ប៉ុន្តែកន្លងមកក្រុមហ៊ុនតែងតែបាត់ស្រាបៀរអស់ជាច្រើនរាប់រយកេះ ហើយមិនដែលចាប់ភស្តុតាងបានឡើយ ទើបតែពេលនេះចាប់បានជាក់ស្តែង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិជាបានបន្លំលួចយកស្រាបៀររបស់ក្រុមហ៊ុនពិតប្រាកដមែន ប៉ុន្តែទើបតែម្តងនេះទេ ដែលមានចំនួន០៤កេះនោះ ទុកយកទៅផឹកតែប៉ុណ្នោះ ចំណែកខាងក្រុមហ៊ុនថា កន្លងមកធ្លាប់បាត់ស្រាបៀររាប់រយកេះនោះ ពួកខ្លួនមិនដឹងឡើយ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត៕ តុង សីហា