ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិករបស់សាខាក្រុមហ៊ុនប្រេងឥន្ធនៈសាវីមិុចម្នាក់ត្រូវបានថៅកែរបស់ខ្លួនប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនចោទពីបទរំលោភលើទំនុកចិត្តលួចលុយ១៥០០០ដុល្លារ

ចែករំលែក៖

 

ភ្នំពេញះ បុគ្គលិករបស់សាខាក្រុមហ៊ុនប្រេងឥន្ធនៈសាវីមិុចម្នាក់ ត្រូវបានថៅកែរបស់ខ្លួនប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមផ្លូវច្បាប់ កាលពីម៉ោង៨យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា រំលោភទំនុកចិត្ត (កឹបកេងយកលុយ)របស់ក្រុមហ៊ុនចំនួន៥៦៥០ដុល្លារអាមេរិក ថ្លៃទូទាត់ប្រេងឲ្យទៅក្រុមហ៊ុនធំ។

ប៉ូលិសនិយាយថា ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរបុគ្គលិករបស់សាខាស្ថានីយ៍ក្រុមហ៊ុនប្រេងឥន្ធនះសាវីមិុចជាជនដែលត្រូវបានចាប់ខ្លួនពីបទរំលោភទំនុកចិត្តខងលើ ដែលប្តឹងដោយចោទដោយឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ ជាតំណាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដែលមានបញ្ហាខាងលើ មានទីតាំងនៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ជា សម្បត្តិ បានរៀបរាប់សាច់រឿងក្នុងការប្តឹងចោទនេះថា កន្លងមក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ គាត់បានប្រគល់លុយចំនួន១៥០០០ដុល្លារឲ្យទៅ ឈ្មោះ ចាន់ រតនា សម្រាប់យកទៅឲ្យក្រុមហ៊ុនសាវីមិុចទូទាត់ថ្លៃប្រេង។ លុះនៅថ្ងៃទី២៥ ខែឆ្នាំដដែល គាត់បានបើកបញ្ជីឆែកមើល ស្រាប់តែមិនឃើញយកលុយទៅសងគេគ្រប់ចំនួន នៅខ្វះចំនួន៥៦៥០ដុល្លារទៀត ក៏ហៅឈ្មោះ ចាន់ រតនា មកសួរនាំ ហើយតម្រូវឲ្យយកលុយមកបង់ក្រុមហ៊ុនឲ្យគ្រប់ចំនួន។ រហូតមកដល់ថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៧នៅតែមិនឃើញយកលុយមកបង់ឲ្យក្រុមហ៊ុនគ្រប់ចំនួនទៀត ក៏សម្រេចចិត្តនាំខ្លួនជននេះមកឲ្យប៉ូលិសចាត់ការតាមច្បាប់តែម្តង។

ក្រោយពេលសមត្ថកិច្ចសាកសួរជននេះបានសារភាពថា លុយនោះខ្លួនបានដកយកចាយអស់មួយចំនួន ដូចការចោទប្រកាន់ពិតមែន។ នៅក្នុងគ្រានោះដែរ ប៉ូលិសក៏បានឆែកត្រួតពិនិត្យទឹកនោមជននេះរកឃើញថា មានផ្ទុកនូវសារធាតុញៀនថែមទៀតផងដែរ ដែលបញ្ជាក់ជននេះបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ជនរងគ្រោះបានសម្រេចប្រគល់ជនជាប់ចោទឈ្មោះចាន់ រតនា ចាត់ការតាមផ្លូវច្បាប់ និងបានដាក់ពាក្យបណ្តឹងដើម្បីដាក់បន្ទុកចោទលើស្ថានទម្ងន់ទោស៕ តុង សីហា


ចែករំលែក៖