ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ និងយុវជនម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ២លើកផ្សេងគ្នា ក្នុងយប់តែមួយនៅស្រុកបាកាន។

ក្នុងរបាយការណ៍របស់នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង៧ និង០៥នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៦.១៩៧ ស្ថិតក្នុងភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយយុវជនម្នាក់ឈ្មោះ យឿន ពេជ្រ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់(ធ្ងន់) បានធ្វើដំដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F 0853 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានជ្រុលបុកគូថគោយន្តកន្រ្តៃដឹកស្រូវ ខណៈដែលកំពុងធ្វើដំណើរស្របទិសគ្នា(លិចទៅកើត)។

ប្រភពពីរាយការណ៍ខាងលើបន្តថា លុះនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែឆ្នាំដដែលនេះដែរ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១១.២១២ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរ បង្កឡើងដោយរថយន្ត ១គ្រឿងមិនស្គាល់ម៉ាក,មិនដឹងបើកបរពីទិសណាទៅទិសណានោះទេ លុះដល់ចំណុចកើតហេតុខាងលើបានបុកមនុស្សស្មើរជើងម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ រហូតមកដល់ម៉ោង និងព្រឹកថ្ងៃនេះគេពុំទាន់រកអត្តសញ្ញាឬសាច់ញាតិជនរងគ្រោះឃើញនៅឡើយនោះទេ។

ប្រភពពីរាយការណ៍ដដែលខាងលើបន្តទៀតថា ចំពោះយុវជនរងរបួសធ្ងន់គេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន ស្ថិតក្នុងស្រុកបាកាន ចំណែកសាកសពជនមិនស្គាល់អត្តសញ្ញាណ សមត្តកិច្ចបានយកទៅតំកល់នៅវត្តសុវណ្ណជលសា(ហៅវត្តទន្សាយអើត) និងបន្តការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាត់នៃសព ដោយឡែក៖ វត្ថុតាងមន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ និងកំពុងបន្តស្រាវជ្រាវរករថយន្តបង្កបុកមនុស្សបណ្ដាលឲ្យស្លាប់ផងដែរ៕ ប៉ឹម ពិន


ចែករំលែក៖