ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងក្រោមឱវាទចុះល្បាតក្នុងភូមិសាស្រ្តរដ្ឋបាលរបស់ខ្លួន ដើម្បីភូមិឃុំមានសុវត្ថិភាព ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ដកហូតនូវវត្ថុតាង និងបទល្មើសផ្សេងៗមួយចំនួន ព្រមទាំងសម្ភារផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១១ និង២៥នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ចំណុចម្ដុំអាងបង្ហាទឹករលាប ស្ថិតក្នុងភូមិ.សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
លោកយឹម ស៊ាងហៃបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងដកហូតនូវវត្ថុតាង និងបទល្មើសផ្សេងៗ ព្រមទាំងសម្ភាររួមមាន,ម្សៅក្រាមពណ៏សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ធំ កាំភ្លើងមានសាម៉ែលពីលើចំនួន ០១ដើម មានគ្រាប់ចំនួន ០១ប្រអប់ ស្មើឹនឹងចំនួន ៩១គ្រាប់ ទូរស័ព្ទដៃចំនួន ០១គ្រឿង និងរថយន្តចំនួន ១គ្រឿងម៉ាក កាមរី ហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S 4426 ។
លោកបន្តថា ជនសង្ស័យឈ្មោះ សារឹម បញ្ញាវឌ្ឍន៍ (ហៅឡុញ) រួមទាំងវត្ថុតាងបទល្មើសផ្សេងៗ និងសម្ភារ បាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរាបចំសំណំបែបបទពាក់ព័ន្ធបញ្ជូនបន្ត ទៅការិយាល័យជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ប៉ឹម ពិន