ព័ត៌មានទាន់ហេតុការណ៍៖

ដិនសលកម្ពុជា បរិច្ចាគរនាំងសុវត្ថិភាព ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់សិស្សានុសិស្ស

ចែករំលែក៖

ភ្នំពេញ៖ ព្រូដិនសលកម្ពុជា បានបរិច្ចាគរនាំងសុវត្ថិភាពចំនួន ១០០ ឈុត ដល់សាលារៀនចំនួន ២០ សាលា ដែលមានសិស្សានុសិស្សប្រមាណជាង ២០០០០នាក់ ក្នុងខេត្តចំនួន ៦ ដែលស្ថិតនៅតាមដងផ្លូវជាតិលេខ ៥ និងលេខ ៦។ គំនិតផ្ដួចផ្ដើមនេះ ត្រូវបានអនុវត្តឡើងក្នុងភាពជាដៃគូជាមួយនឹងអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY) និងស្របតាមការប្ដេជ្ញាចិត្តរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កុមារកម្ពុជា។

រនាំងសុវត្ថិភាពទាំងអស់នេះ នឹងជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានចំពោះកុមារជាសិស្សានុសិស្ស។ សាលារៀនទាំង ២០ នោះត្រូវបានជ្រើសរើសដោយ អង្គការ CRY ដោយប្រើប្រាស់ទិន្នន័យដែលបានមកពី ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា (RCVIS) របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានបង្កើតឡើងកាលពី ឆ្នាំ ២០១៦។ ពិធីប្រគល់រនាំងសុវត្ថិភាពត្រូវបានរៀបចំនៅក្នុងឱកាសបើកបវេសនកាលនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ០១ វិច្ឆិកា ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ មឹន មណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្តពោធិសាត់ លោកស្រី ហួត សាន់នី នាយកផ្នែកគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាអ្នកចូលរួមផ្សេងទៀត សរុបប្រមាណ ៥០០ នាក់ ។

ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “គ្រោះថ្នាក់ចរាចរណ៍ គឺជាឧបសគ្គនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។ …កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានយកខ្លឹមសារច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមកធ្វើជាមេរៀន ធ្វើជាសេចក្តីណែនាំអនុវត្ត…។ ការចែករនាំងសុវត្ថិភាពចរាចរណ៍ចំនួន ១០០ សម្រាប់សាលារៀនចំនួន ២០ នាពេលនេះ មានគោលបំណងធ្វើឲ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារាកុមារី ដែលជាជនងាយរងគ្រោះ។

អ្នកស្រី ហួត សាន់នី អ្នកគ្រប់គ្រងផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងថា៖ “យើងសង្ឃឹមថា ការបរិច្ចាគនេះនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបាត់បង់ជីវិតរបស់កុមារជាសិស្សានុសិស្ស ដែលជាអនាគតសម្រាប់ប្រទេសកម្ពុជា។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា តែងយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់មនុស្សគ្រប់រូប ហើយនឹងបន្តស្វែងរកវិធីដើម្បីធ្វើឲ្យពួកគាត់មានសុខសុវត្ថិភាពជាងមុន។”

ការបរិច្ចាគរនាំងសុវត្ថិភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ របស់គម្រោងវិធានការសុវត្ថិភាព ដែលរួមមានការផ្សព្វផ្សាយនូវខ្សែវីដេអូ និងឯកសារអប់រំផ្សេងៗ ក្នុងបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដោយសហការជាមួយនឹងរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ ស្ថាប័នធ្វើការងារផ្នែកសុវត្ថិភាពចរាចរណ៍ និងមូលនិធិព្រូដិនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់សាជីវកម្មព្រូដិនសលអាស៊ី ។ក្នុងនាមជាក្រុមហ៊ុនដែលទទួលបានការទុកចិត្ត ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជឿថា កុមារគឺជាសរសរទ្រូងរបស់កម្ពុជា ហើយការការពារអាយុជីវិតរបស់ពួកគេនឹងជួយការពារការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅកម្ពុជាផងដែរ៕ វឌ្ឍនា

 


ចែករំលែក៖