ខេត្តប៉ៃលិន៖ ខេត្តប៉ៃលិនបានរៀបចំពិធីប្រារព្ធខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ(៩ វិច្ឆិកា ១៩៥៣-៩វិ ច្ឆិកា ២០១៧) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
ពិធីនេះដែរបានប្រារព្ធរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបរវេណខាងមុខសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីដែលជាប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជំជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនផងដែរ។
លោកអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ ៩ វិច្ឆិកា ១៩៥៣ គឺជាទិវាដ៏មហានក្ខត្តឫក្ស បើកទំព័រសករាជជាប្រវត្តសាស្ត្រ ចារិកនូវការផ្ទេរអំណាចទាំងអស់របស់ពួកអាណានិគមនិយមបារាំងថ្វាយចំពោះ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ហើយប្រទេសកម្ពុជាក៏បានទទួល ឯករាជ្យពេញបរិបូរណ៍ចាប់ពីពេលនោះ ប្រជាពលរដ្ឋទូទាំងប្រទេសបានប្រសិទ្ធិនាមថ្វាយព្រះអង្គថា ព្រះបិតាឯករាជ្យជាតិជារៀងដរាបតរៀងមក។
លោកបន្តថា៖ក្រោយពីទទួលបានឯករាជ្យប្រទេសកម្ពុជាបានទទួលបន្តការអភិវឌ្ឍន៍រីកចំរើនដូចអារ្យប្រទេសលើសកលលោកជាពុំខាន ប៉ុន្តែក្តីសង្ឃឹមនេះត្រូវបាន រលាយសាបសូន្យទៅវិញ ដោយសារពួកលន់នល់ សិរិមតៈ ចង់ផ្លាស់ប្តូររបបដឹកនាំប្រទេស ដោយធ្វើរដ្ឋប្រហារទំលាក់សម្តេចព្រះនរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋស្របច្បាប់ ហើយបន្ថែមទម្ងន់លើសពីនេះទៅទៀត គឺរបបប្រល័យពូជសាសន៍ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃបានបំផ្លាញសង្គមជាតិគ្មានសល់អ្វីឡើយ ដោយប្រជាជនត្រូវប្លន់យកអស់នូវសិទ្ធិសេរីភាពបង្ខំឲ្យធ្វើការជាទាសករ ហើយទទួលរងទារុណកម្ម និងការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃជាទីបំផុត។
តាមរយៈមហាជ័យជំនះ៧មករា បានធ្វើឲ្យប្រជាជាតិខ្មែររស់ឡើងវិញ ប្រជាជនបានទទួលមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលខ្លួនប៉ៃលិន ធ្វើឲ្យទឹកដី និងប្រជាជាតិទាំងមូលបានឯកភាពគ្នាទទួលបាននូវការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងបានចាត់ទុកថាថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។
ដោយលែក ខេត្តប៉ៃលិន ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ខេត្តប៉ៃលិនបានប្រែក្លាយពីតំបន់សង្គ្រាមទៅជាខេត្តដែលអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ពិសេសគឺវិស័យកសិកម្ម និងឧស្សាហកម្ម។
លោកអភិបាលខេត្តក៏បានបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនទាំងអស់ សូមប្ដេជ្ញាចិត្ត ដើរតាមគោលនយោបាយរបស់សម្ដេចនាយករដ្ឋមន្ត្រីដែលបានបញ្ចប់ភ្លើងសង្គ្រាមនាំសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ ៕ ស សារ៉េត