ខេត្តស្ទឹងត្រែងៈ លោកអភិបាលនៃគណៈអភិបាលខេត្ត លោកម៉ុម សារឿន និងប្រធានក្រុមប្រឹក្សាខេត្ត លោកញ៉ែម សាម៉ន អញ្ចើញជាគណៈអធិបតី និងអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធជុំវិញខេត្ត និងស្រុកអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផងដែរ នៅថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានប្រកាសផ្លាស់ប្តូរ មុខតំណែងថ្មី ជូនដល់មន្ត្រីល្អ មានស្នាដៃ អ្នកចាស់ត្រូវបានផ្លាស់ចេញមកសាលាខេត្ត ដើម្បីរង់ចាំចូលនិវត្តន៍ ហើយអ្នកមានស្នាដៃ ត្រូវបានឡើងកាន់ដំណែងជាអភិបាលក្រុង និងផ្លាស់ប្តូរមុខងារពីស្រុកមួយទៅស្រុកមួយ និងដោយឡែក ស្រុកសេសានត្រូវបាននៅកាន់តំណែងដដែល ទៅតាមអនុក្រិត្យ។
ក្នុងឱកាសនេះផងដែរ លោកចៅ មន្នីរ៉ា នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានអានសេចក្តីប្រកាសអនុក្រិត្យ ផ្លាស់ប្តូរតែងតាំងមុខងារថ្មី ជូនលោកអភិបាល អភិបាលរង និងនាយករដ្ឋបាល ក្រុង និងស្រុក៖ ១.លោកប៊ុន ណារី អភិបាលក្រុងស្ទឹងត្រែង ត្រូវបានមកនៅសាលាខេត្តរង់ចាំចូលនិវត្តន៍ ហើយត្រូវបានតែងតាំងលោកសាយ កុសល អភិបាលរងក្រុងឡើងកាន់តំណែងថ្មី ជាអភិបាលក្រុងជំនួសលោក ប៊ុន ណារី, ២.លោកពន្លី មង្គល អភិបាលស្រុកសេសានចាស់ ត្រូវបានតែងតាំងជាអភិបាលស្រុកសេសានដដែល, ៣.លោកថោង ស្រាន់ អភិបាលស្រុកថាឡាបរីវ៉ាត់ចាស់ ត្រូវបានមកកាន់តំណែងថ្មីជាអភិបាលស្រុកសៀមបូក, ៤.លោកសន សារឿន អភិបាលស្រុកសៀមបូកចាស់ត្រូវបានផ្លាស់មកកាន់តំណែងថ្មីជាអភិបាលស្រុកថាឡាបរីវ៉ាត់វិញម្តង។
លោកម៉ុម សារឿន អភិបាលខេត្ត និងលោកញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគល់ត្រា និងសេចក្តីប្រកាសមុខតំណែងថ្មីជូនដល់លោកអភិបាល អភិបាលរង និងនាយករដ្ឋបាលក្រុង និងស្រុកទាំងបួន ហើយលោកអភិបាលក្រុងស្រុកទាំងបួនបានឡើងប្តេជ្ញាចិត្តរៀងៗខ្លួន ដើម្បីការពារ បម្រើប្រជាពលរដ្ឋដែលមានបញ្ហាទុក្ខលំបាកក្នុងមូលដ្ឋានរបស់ខ្លួន និងលុបបំបាត់ក្មេងទំនើង គ្រឿងញៀន អំពើហិង្សា ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីភូមិ ឃុំមានសុវត្ថិភាព៩ចំណុច របស់អនុសាសន៍សម្តេចក្រឡាហោម ស ខេង រួមនឹងការពារធនធានធម្មជាតិផងដែរ។
ជាចុងក្រោយ លោកអភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់លោកអភិបាលក្រុង និងស្រុកទាំងបួន ទើបតែឡើងកាន់តំណែងថ្មី ធ្វើយ៉ាងណា ខិតខំប្រឹងប្រែងបំពេញបេសកម្មមួយនេះឲ្យបានល្អជាមួយប្រជាពលរដ្ឋ និងសហការជាមួយនឹងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដើម្បីបង្ក្រាបបទល្មើសផ្សេងៗកុំឲ្យកើតមាន។
ជាចុងក្រោយ លោកអភិបាលខេត្ត ជូនពរដល់លោកអភិបាលរង ខេត្ត និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តទាំងអស់ឲ្យជួបតែសេចក្តីសុខ និងបំពេញការងារតាមតួនាទីរៀងខ្លួនឲ្យបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ឲ្យ ៕ មាស សុផាត