កណ្ដាល៖ លោកស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ត្រូវបានប្រភពព័ត៌មានអះអាងថា បានបញ្ចប់សំណុំរឿងព្រហ្មទណ្ឌករណីគ្រោះថ្នាក់ចរាចរថៅកែហាងកាហ្វេ អ៊ីហ្សូតិច បើករថយន្តបុកម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ស្រាលពីរនាក់ ដោយមិនរាយការណ៍ជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដែលផ្ទុយនឹងមាត្រា៨៩នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ប៉ុន្តែលោកអធិការវ័យក្មេង បដិសេធការលើកឡើងនេះ ដោយថាបានឆ្លងថ្នាក់រួចហើយ ។
ប្រភពព័ត៌មានទើបទម្លាយនៅថ្ងៃទី១០ ខែវិច្ឆិកា នេះ ឱ្យដឹងថា កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរមួយ បង្កដោយរថយន្ត ម៉ាកSIENNA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-6809 បើកបរដោយឈ្មោះ ច័ន្ទ មិថុនា ភេទប្រុស អាយុ៣០ឆ្នាំ ជាថៅកែហាងកាហ្វេ អ៊ីហ្សូតិច មានអាស័យដ្ឋានភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បើកបរក្នុងទិសដៅ ពីលិចទៅកើតបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌
ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1I-6806 បើកបរក្នុងទិសដៅពី
ត្បូងមកជើង អ្នកបើកបរឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ ២៧ឆ្នាំ រងរបួសស្រាលនិងអ្នករួមដំណើរពីក្រោយម្នាក់ឈ្មោះ វ៉ាន់ ចំប៉ា ភេទស្រី អាយុ១៨ឆ្នាំ ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្រ្ជៀក ខេត្តព្រៃវែង រងរបួសធ្ងន់ ។
ប្រភពព័ត៌មានដដែលអះអាងថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តមិនគោរពសិទ្ធិអាទិភាព។ ប៉ុន្តែថ្មីៗនេះ សំណុំរឿងនេះបានបញ្ចប់ហើយ ដោយជនបង្កព្រមសងសំណងចំនួន១៥០០ដុល្លារអាមេរិក ។
ពាក់ព័ន្ធករណីនេះ លោក ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ថ្លែងថា ករណីនេះលោកពុំបានធ្វើកំណត់ហេតុឃាត់ខ្លួនជនបង្កទេ ហើយរឿងនេះបានបញ្ចប់ ដោយលោកក៏បានរាយការណ៍ជូនថ្នាក់លើរួចរាល់ហើយដែរ ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយ អះអាងថា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្ដាល ពុំបានទទួលព័ត៌មានឡើយជុំវិញករណីគ្រោះថ្នាក់ចរាចរនេះ ហើយការបញ្ចប់ករណីនេះក៏ពុំបានដឹងដែរ ។ មន្ត្រីតុលាការសុំមិនបញ្ចេញឈ្មោះ អះអាងថា កាលណាមានករណីគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ ហើយមានជនបង្ក មន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែរាយការណ៍ជូនព្រះរាជអាជ្ញា ដើម្បីទទួលការណែនាំពីចំណាត់នីតិវិធីបន្តទៀត ។
មាត្រា៨៩នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា”ក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្តែង មន្ត្រីនគរបាលយុត្តិធម៌ ត្រូវរាយការណ៍ភ្លាមជូនព្រះរាជអាជ្ញា…។
ប្រភពព័ត៌មានដោយឡែកមួយទៀត អះអាងថា លោក ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ហាក់ធ្វើការលាក់លៀមថ្នាក់លើ អំពីបញ្ហាមួយចំនួន ទាល់តែមានការជជីកសួរ ទើបលោកអធិការប្រាប់វិញ ដោយទាស់ទាល់ ៕ចេស្តា