ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសាខាកាំកុងត្រូលខេត្តប៉ៃលិនចុះបន្តត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព ព្រមទាំងធ្វើតេស្តបឋម (Test Kit) លើចំណីអាហារបរិភោគដើម្បីរកសាធាតុបូរ៉ាក់ ពង្រឹងគុណភាពទំនិញ និងសុវត្ថិភាពចំណីអាហារធានាសុខភាពប្រជាពលរដ្ឋទូទាំង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ បន្តចុះត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព ព្រមទាំងធ្វើតេស្តបឋម (Test Kit) លើចំនីអាហារបរិភោគដើម្បីរកសាធាតុបូរ៉ាក់ ក្នុងការពង្រឹងគុណភាពទំនិញ និងសុវត្ថិភាពអាហារធានាសុខភាពជូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ដែលការចុះត្រួតពិនិត្យទំនិញនេះនៅផ្សារប៉ាហ៊ី ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិនបានអោយដឹងថា៖ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលទានម្ហូបអាហារប្រចាំថ្ងៃនោះ ថ្នាក់ដឹកនាំ និងមន្ត្រីសាខាកាំកុងត្រូលខេត្ត តែងតែចុះត្រួតពិនិត្យទំនិញជាប់ជាប្រចាំ។ ជាក់ស្តែងនៅថ្ងៃនេះ ក៏សាខាកាំកុងត្រូវបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងតែមួយគត់ គឺអោយប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពសុវត្តិភាពល្អ និងអប់រំផ្សព្វផ្សាយឲ្យពួកគាត់ យល់ដឹងដោយខ្លួនឯងពីរបៀបជ្រើសរើសម្ហូបអាហារណា ដែលមានសុវត្ថិភាពយកមកទទួលទាន។ ក្នុងការចុះត្រួតពិនិត្យទំនិញនេះដែរ មន្ត្រីសាខាកាំកុលត្រូលខេត្តបាន យកឧបករណ៏ធ្វើតេស្តបឋម(Test Kit)ទៅលើចំនីអាហារបរិភោគប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅផ្សាប៉ាហ៊ីដើម្បីរកសាធាតុបូរ៉ាក់ ដែលបានត្រួតពិនិត្យរួមមានដូចជា ប្រហិតសាច់គោ ត្រីផ្លានិននាំមកពីប្រទេសថៃ មឹក បង្គារ សរសៃគុយទាវ សណ្តែក និង អាហារផ្សេងៗជាច្រើនមុខទៀត ដើម្បីរកសារធាតុបូរ៉ាក់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសធ្វើអោយបាត់បង់ជីវិតផងដែរ។

ក្នុងការចុះត្រួតពិនិត្យនេះដែរមន្ត្រីជំនាញមិនបានរកឃើញនៅសារធាតុបូរ៉ាក់ទេ ព្រោះថា បងប្អូនអាជីវករជាអ្នកលក់ដូមានការយល់ដឹងច្រើនដោយសារតែមានការផ្សព្វផ្សាយពន្យល់ណែនាំជាប្រចាំខែពីមន្ត្រីសាខាកាំកុងត្រូល។ បន្ទាប់ពីការធ្វើតេស្តម្ហូបអាហាររួចមក សាខាកាកុងត្រូលនិងមន្ត្រីនៃមន្ទីរពាណ្ជិកម្មខេត្តបានបន្តទៅត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាព ដែលដាក់តាំងលក់នៅតាមតូបនីមួយៗនៅផ្សាប៉ាហ៊ី ដោយមន្ត្រីសាខាកាំកុងត្រូវបានធ្វើការពន្យល់ណែនាំដល់អាជីវករទាំងអស់កុំអោយយកទំនិញណាដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ ហើយហាមលក់ទំនីញខុសច្បាប់ដាក់លក់នៅលើទីផ្សារនិងតាមតូបជាដាច់ខាត។

ទន្ទឹមនេះអាជីវករទាំងអស់មុន និងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើលកា បរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ ផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកាលកំណត់ឬខូចគុណភាព ដកហូតដែលនាំឲ្យខាតបង់សេដ្ឋកិច្ចគ្រូសាររបស់បងប្អូន និង ខាតបង់វេលា និង ប្រាក់កាក់ផងដែរ។

ក្នុងពេលចុះពិនិត្យទំនិញសមត្ថកិច្ចកាំកុងត្រូលបានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករដើម្បីយកទៅកំទេចចោលរួមមានៈទឹកក្រូចដបជ័រ៤៣ដប មីកំប៉ុង៤កំប៉ុង និងប្រហិតខូចគុណភាព១៦ គីឡូក្រាម យកទៅរក្សាទុកនៅស្នាក់ការកាំកុងត្រូលខេត្ត ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់ ។ តមកលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន និងក្រុមការងារក៏បានធ្វើការដុតកំទេចចោលប្រហិតខូចគុណភាពចំនួន១៦គីឡូក្រាម ដែលបានដកហូតពីកន្លែងលក់ប្រហិតមួយ ស្ថិតនៅផ្សាប៉ាហ៊ីផងដែរ ៕ ស សារឿន

 

 


ចែករំលែក៖