ព័ត៌មានទាន់ហេតុការណ៍៖

ខំលេបថ្នាំញៀនប្រហែល១គីឡូក្រាមចូលក្នុងពោះហើយនៅប៉ូលិសរកឃើញទៀត

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន និងគយរដ្ឋាករ និងនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប បានស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួន ស្រ្តីជនជាតិហ្វីលីពីនម្នាក់ ដែលជួញដូរគ្រឿងញៀនឆ្លងប្រទេស។ កម្លាំងនគរបាលបានដកហូតសារធាតុញៀនប្រភេទកូកាអ៊ីន(Cocaine) ចំនូន៨៣ ដុំ ទម្ងន់ ១០៤២,៥៨ក្រាម​​​ ។

ហេតុការណ៍ឃាត់ខ្លួនស្ត្រី ជនជាតិហ្វីលីពីន ម្នាក់នោះធ្វើឡើងនៅល្ងាចថ្ងៃទី៧ ខែ​វិច្ឆិកា​ឆ្នាំ២០១៧ ​នៅក្នុងព្រលានយន្តហោះ អន្តរជាតិសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរាស្នងការរង និងជាប្រធានផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកាថា បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន បានធ្វើឡើងដោយអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ដូច្នេះឈ្មោះ និង រូបថតដែលយើង បានដាក់ចូលនៅក្នុងបញ្ជីខ្មៅ ទើបថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ ការបង្ក្រាបបានករណីដឹកជញ្ជូន គ្រឿងញៀន ឆ្លងដែន ដោយលេបលាក់ នៅក្នុងខ្លួន ពីប្រទេស Brazil មកកម្ពុជា ឆ្លងកាត់ ឌូបៃ, ក្វាងចូវ តាមជើងយន្តហោះលេខ CZ 3063 ចុះនៅអាកាសយានដ្ឋានអន្តជាតិសៀមរាប វេលាម៉ោង ១៧ និង២០នាទី សមត្ថកិច្ចជំនាញយើងបានសហការចាប់ខ្លួនជនសង្ស័យ នៅចំណុចអ្នកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្តជាតិសៀមរាប លោកបានបញ្ជាក់ថា ស្រ្តីសង្ស័យមានឈ្មោះ MEDIDA RUERA អាយុ ៤៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ P2306822A ជនជាតិ ហ្វីលីពីន សញ្ជាតិ ហ្វីលីពី ក្រោយពេលសួរនាំរួចមក ស្រ្តី ជនសង្ស័យ រូបនេះបានសារភាពថា រូបគេពិតបានធ្វើដំណើរចំនួន២ លើកដើម្បីមើលសភាពការ នៅប្រទេសចំនួន៣ គឺ កម្ពុជា ថៃ វៀតណាម ដូច្នេះលើកនេះ សំរេចលេបថ្នាំញៀនប្រភេទ Cocaine ចំនួនប្រហែល ១គីឡូក្រាមចូលក្នុងពោះ ឆ្លងកាត់ ខេត្តសៀមរាប ឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី ជាកន្លែងប្រគល់ និងទទួលយកថ្នាំញៀននេះ។

បច្ចុប្បន្ន ស្រ្តី ជាជនសង្ស័យ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញ បានរៀបចំកសាង​សំណុំ​រឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បា​ប់៕ ប៊ុន​រិទ្ធី


ចែករំលែក៖