ព័ត៌មានទាន់ហេតុការណ៍៖

សំអាង ឌុននិងគឹម វាសនាវាយផ្តួលដៃគូឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ និងបន្តឡើងទៅជួបគ្នាវគ្គ៨នាក់

ចែករំលែក៖

 

ភ្នំពេញ៖ អ្នកប្រដាល់ មកពីក្លិបអេភូថងកីឡា គឺកីឡាករ សំអាង ឌុន និងកីឡាករ គឹម វាសនា មកពីក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង លេខ៩១១ បានប្រើកណ្តាប់ដៃ និងជើងទាត់ ឲ្យកីឡាករដែលជាដៃគូប្រកួត របស់ពួតគេ ចុះចាញ់ត្រឹមទឹកទី១ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងកម្មវិធីប្រដាល់គុនខ្មែរវគ្គជម្រុះ ឆ្ពោះទៅដណ្តើមពានរង្វាន់ TV5 BOXING KNOCK OUT SERIERS រដូវកាលទី១ ។

ចំពោះការប្រកួត រវាងកីឡាករ សំអាង ឌុន មកពីក្លិបអេភូថងកីឡា ដែលប្រើកណ្តាប់ដៃវាយឲ្យកីឡាករ រិទ្ធ មុន្នី មកពីមកុដរាជសីហ៍ ចុះចាញ់ក្នុងទឹកទី១នោះ ដោយសារតែ ការធ្វេសប្រហែស បូករួមនឹងកម្រិតបច្ចេកទេសខុសគ្នាធ្វើឲ្យ រិទ្ធ មុន្នី លំបាកបើកការវាយសន្ធប់ទៅសំអាង ឌុនជាខ្លាំង។ យ៉ាងណា មុន្នីបានព្យាយាម ប្រើកណ្តាបដៃវាយសងទៅលើ សំអាង ឌុន តែវាយមិនដល់ ផ្ទុយទៅវិញធ្វើឲ្យសំអាង ឌុន ប្រើស្នៀតកណ្តាប់ដៃវាយបកស្ទួនៗ ធ្វើឲ្យមុន្នី ដួលដេកភ្លាមៗ និងត្រូវលោកអាជ្ញាកណ្តាលរាប់ដល់១០ មិនអាចបន្តការប្រកួតបានឡើយ។

ដូច្នេះជ័យជម្នះបានទៅកីឡាករសំអាង ឌុន ឈ្នះ និងបន្តប្រកួតនូវវគ្គ៨នាក់ចុងក្រោយនៃពាន រង្វាន់ TV5 BOXING KNOCK OUT SERIERS រដូវកាលទី១នេះ ។

ដោយឡែក ការប្រកួត របស់កីឡាករ គឹម វាសនា មកពីក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ បានប្រើស្នៀតជើងទាត់ឲ្យកីឡាករ រិន សារ័ត្ន មកពីទីបញ្ជាការដ្ឋាន កងទ័ពជើងទឹក ខូចជង្គង់ក្នុងទឹកទី១ដែរ ។

ការបោះបង់របស់កីឡាករ រិន សារ័ត្ន គឺបានផ្តល់ឱកាសដល់កីឡារ គឹម វាសនា បានបន្តឡើងទៅប្រកួតក្នុងវគ្គ៨នាក់ចុងក្រោយ ដែលគ្រោងប៉ះជាមួយ កីឡាករ សំអាង ឌុន គឺជាជើងខ្លាំងវាយដៃគូឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ដូចគ្នា ក្នុងវគ្គជម្រុះ១៦នាក់ដំណាក់កាលទី២ កាលពីចុងសប្តាហ៍កន្លងទៅ ។

ចំពោះគូប្រកួតមិត្តភាពអន្តរជាតិ រវាងកីឡាករ មាស ច័ន្ទមាន មកពីក្លិបកងពលធំអន្តរាគមន៍ លេខ២ត្រូវបានចាញ់ក្រោមថ្វីដៃអ្នកប្រដាល់ជនជាតិថៃ ផងដែរ៕ សារីម


ចែករំលែក៖