ខេត្តកណ្ដាល៖ ករណីជំនួញឈើគ្រញូងជាង៣តោន ត្រូវបានសមត្ថកិច្ចបង្ក្រាប នៅក្រុងតាខ្មៅ កាលពីចុងសប្ដាហ៍កន្លងមក ហើយមនុស្សចំនួន១៩នាក់ ត្រូវឃាត់ខ្លួនដើម្បីសាកសួរ ។ ប៉ុន្តែជាលទ្ធផល មានតែមនុស្ស៤នាក់ប៉ុណ្ណោះ មានការជាប់ពាក់ព័ន្ធ ត្រូវបញ្ជូនមកតុលាការ ចាត់ការតាមច្បាប់ ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ ថា មនុស្សទាំង៤នាក់នេះ ត្រូវបានលោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ហើយ បន្ទាប់ពីត្រូវបានព្រះរាជអាជ្ញារង ចោទប្រកាន់ជាផ្លូវការ ។
ប្រភពព័ត៌មាន បន្តថា មនុស្សទាំង៤នាក់ មានស្រីម្នាក់ ដែលមានឈ្មោះ ដូ យ៉ាំងឡាំ ឈ្មោះ លួង ចន្ធី ឈ្មោះ ដាំង យាំតាំ និង ឈ្មោះ ឱម តុលារតន៍ ត្រូវបានលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ”ប្រមូលផល អនុផលព្រៃឈើប្រភេទមានដោយកម្រ (ក្រាក់ គ្រញូង) ប្រព្រឹត្តនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមមាត្រា៩៨នៃច្បាប់ស្ដីពីព្រៃឈើ ។
ប្រភពព័ត៌មាន បន្តថា ដោយឡែកម្ចាស់ទីតាំងឈ្មោះអ៊ី ស្រុន ភេទប្រុស ពុំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទេ ដោយសារតែរកពុំទាន់ឃើញបទល្មើស ។ ប៉ុន្តែ តុលាការកំពុងបន្តនីតិវិធី ហើយបើរកឃើញថា ម្ចាស់ផ្ទះមានជាប់ពាក់ព័ន្ធ តុលាការនឹងមានចំណាត់ការបន្តទៀត ។
ឈើគ្រញូងរាប់ពាន់កំណាត់ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បង្ក្រាបបាននៅក្នុងផ្ទះទីតាំងស្តុកមួយកន្លែង តាមបណ្តោយផ្លូវលេខ១១៥ ស្ថិតក្នុងភូមិតាក្ដុលត្បូងសង្កាត់តាក្ដុល ក្រុតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោក លី សុជាតិ នាយរង ការិយាល័យ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានឱ្យដឹងថាផ្ទះស្តុកឈើគ្រញូងខាងលើ មានម្ចាស់ ផ្ទះឈ្មោះ អ៊ី ស្រុន ភេទប្រុស ជួលផ្ទះ ទៅឱ្យក្រុមហ៊ុន បណ្ដាញទូរស័ព្ទ ដាក់សម្ភារៈ ផ្សេងៗ និងស្តុកឈើ ។
ប្រតិបត្តិការបង្ក្រាបទីតាំងស្តុកឈើខាងលើ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញនគរបាលនៃអធិការក្រុងតាខ្មៅ ដោយមានការសម្របសម្រួលពីលោកទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងខេត្តកណ្តាល។
កម្លាំងបានចុះឆែកឆេរលំនៅដ្ឋានស្តុកឈើរខាងលើ រកឃើញឈើក្រញូងជាច្រើនពាន់កំណាត់ ផ្ទុកក្នុងរថយន្ត ពីរ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ និងម៉ាកកាមរី និងឈើគ្រញូង ច្រក ក្នុងបាវជាច្រើន បាវ និងបានឃាត់ខ្លួន មនុស្ស១៩នាក់ ក់ មកសាកសួរនៅស្នងការនគរបាលខេត្ត ដើម្បីរកម្ចាស់ឈើខាងលើនេះ ។
សមត្ថកិច្ចបានតាមប្រមាញ់ចាប់រថយន្តដឹកឈើក្រញូងខាងលើដែលកំពុងបើកតាមផ្លូវជាតិ ពេលនោះ គឺកម្លាំងបានតាមរថយន្តខាងលើរហូត ដល់រថយន្តនោះបើចូលផ្ទះមួយកន្លែងនៅតាមបណ្តោយផ្លូវលេខ១១៥ និងបានបិតទ្វាផ្ទះជិត។ភ្លាមនោះ លោកក៏បានសុំគោលការណ៍ ធ្វើការឆែកឆេរ ភ្លាមៗ រកឃើញឈើក្រញូងជាច្រើនពាន់កំណាត់ ។
លោកបញ្ជាក់ថា ឈើទាំងនោះ និងរថយន្តត្រូវបាន ប្រគល់ឱ្យសង្កាត់រដ្ឋបាល ព្រៃឈើតាខ្មៅ សរុបចំនួន៣.៣០៥ គីឡូក្រាម ដើម្បី យកទៅរក្សាទុក និងបន្តនីតិវិធីតាមផ្លូវច្បាប់៕ ចេស្តា