ព័ត៌មានទាន់ហេតុការណ៍៖

ទិញថ្នាំញៀនពីរាជធានីភ្នំពេញយកមកលក់នៅស្រុកអង្គស្នួលត្រូវនគរបាលក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់ ខណៈដែលជនសង្ស័យរូបនេះ ធ្វើសកម្មភាពទិញថ្នាំញៀនពីរាជធានីភ្នំពេញ យកមកលក់នៅស្រុកអង្គស្នួល ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃពូង ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនមានឈ្មោះ សុន សុភ័ក្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុន មានទីលំនៅភូមិស្រែអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៩កញ្ចប់ តូច៨កញ្ចប់និងធំ១កញ្ចប់ ,ទូរស័ព្ទដៃមួយគ្រឿង និងកាបូបចំនួនមួយផងដែរ ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដស្រុកអង្គស្នួល ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ។ លុះមកដល់វេលាម៉ោងប្រមាណជាង១៤ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៩កញ្ចប់ ឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទៅទិញថ្នាំញៀននេះពីមនុស្សប្រុសម្នាក់មិនស្គាល់អត្ដសញ្ញាណ ក្នុងតម្លៃ ១០ម៉ឺនរៀល នៅផ្តុំចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់បន្តក្នុង១កញ្ចប់តូច តម្លៃ ២ម៉ឺនរៀលទៅ ៣ម៉ឺនរៀល ៕ ស្អាងជ័យ


ចែករំលែក៖