ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាលធ្វើការបង្រ្កាបចាប់ខ្លួនម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូមួយកន្លែងនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាលៈ ទីតាំងទទួលបញ្ចាំម៉ូតូមួយកន្លែង នៅក្រុងតាខ្មៅត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រឹតស្រាល ចុះសហការជាមួយនគរបាលក្រុងតាខ្មៅឆែកឆេរកាលពីរសៀលថ្ងៃ១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅក្នុងភូមិព្រែកតាពៅ​ សង្កាត់ដើមមៀន​ ក្រុងតាខ្មៅ។

លោកស​ កែវពិសិដ្ឋ​ អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា បន្ទាប់ពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោអ៊ាវ​ ចំរើន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួចមកកម្លាំងរបស់លោកបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រឹតស្រាល និងដោយមានការសម្របសម្រួលពីលោកឯក​ ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាលឈានដល់ការបង្ក្រាបឆែកឆេរទីតាំងខាងលើនេះតែម្តង។

អធិការក្រុងតាខ្មៅរូបនេះបានបន្តថា ជាលិទ្ធផលកម្លាំងបានរកឃើញម៉ូតូចំនួន២៥គ្រឿង រួចដកហូតយកមកកាន់អធិការដ្ឋាន។

នៅរង្វង់ប្រតិបត្តិការនេះដែរ កម្លាំងនគរបាលបានឃាត់ខ្លួនម្ចាស់ទីតាំងទទួលបញ្ចាំអត់ច្បាប់ខាងលើ យកមកសាកសួរដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់៕ ស្អាងជ័យ


ចែករំលែក៖