ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែរោងចក្រយូលីចិនចាប់កម្មការិនីដាក់ទណ្ឌកម្មក្នុងទ្រុងនាំឲ្យផ្ទុះកូដកម្មរាប់ពាន់នាក់នៅតំបន់សេដ្ចកិច្ចពិសេសសានតុង

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្មករកម្មការិនីរោងចក្រកាត់ដេយូលីរាប់ពាន់នាក់ នាំគ្នាធ្វើកូដកម្មតវ៉ា ថៅកែចិនចាប់កម្មការិនីបង្ខាំងក្នុងទ្រុង ហើយដាក់ទណ្ឌកម្ម ឲ្យធ្វើការតាមលក្ខខណ្ឌរបស់រោងចក្រ ខុសពីច្បាប់ការងារ និងរើសអើងចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនរួច ធ្វើឲ្យកម្មករកម្មការិនីខឹងសម្បារនាំគ្នាធ្វើកូដកម្មតវ៉ា ទាមទារឲ្យថៅកែរោងចក្រកាត់ដេយូលី អនុត្តន៍តាមច្បាប់កាងារដោយដាក់លក្ខខណ្ឌ៥ចំណុចសុំឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោះស្រាយ។

ការធ្វើកូដកម្មនេះ កើតឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង៧និង៣០នាទីព្រឹក នៅខាងមុខរោងចក្រយូលី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ទើបបំបែកគ្នាត្រឡប់ទៅផ្ទះវិញ មិនព្រមចូលធ្វើការ។

បើតាមកម្មការិនីវិញបានឲ្យកាសែតនគរវត្តដឹងថា ថៅកែចិនបានរឹតបន្តឹងការងារទៅលើកម្មករកម្មការិនីរយៈពេលបីខែមកហើយ គឺចាប់តាំងពីផ្លាស់ប្តូរថ្នាក់ដឹកនាំ ជនជាតិចិនមកថ្មី មានការរើសអើងលើស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនរួច ដាក់ទណ្ឌកម្មចំពោះកម្មការិនីណាដែលដើរយឺត មិនគោរពតាមលក្ខខណ្ឌដែលក្រុមហ៊ុនកំណត់ បើមានស្រ្តីម្នាក់ ឬពីរនាក់ដេយឺត ត្រូវមេការចិនចាប់យកទៅបង្ខាំងក្នុងទ្រុង ហើយដាក់ទណ្ឌកម្មឲ្យធ្វើការដេរឲ្យបានភាគរយខ្ពស់ ទើបឲ្យចូលក្រុមធ្វើការវិញ ហើយបើស្ត្រីណានៅតែធ្វើការយឺត ឬឃើញថា មានកំហុស ត្រូវដាក់ទណ្ឌកម្មដាក់ក្នុងទ្រុងបង្អត់អាហារ បង្អត់ទឹកមួយថ្ងៃ រួចដេញចេញពីការងារបញ្ឈប់កុងត្រា ។

ទាក់ទងករណីខាងលើនេះ លោកអ៊ូ សុខឿន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងជាតំណាងក្រសួងការងារប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេស បានឲ្យដឹងថា កម្មករ កម្មការិនី រោងចក្រកាត់ដេយូលី នាំគ្នាធ្វើកូដកម្មនេះតវ៉ាទាមទារលក្ខខណ្ឌ ៥ចំណុច និងប្តឹងក្រុមហ៊ុនកាត់ដេរយូលី ពីបទមិនអនុវត្តន៍ច្បាប់ស្តីពីការងារ ហើយចោទថា ក្រុមហ៊ុនយូលីកំពុងអនុវត្តន៍លក្ខខណ្ឌការងារមួយចំនួនដែលមិនស្របតាមច្បាប់ការងារ។

លក្ខខណ្ឌ ៥ចំណុច៖

១-ស្នើសុំឲ្យក្រុមហ៊ុនយូលី ឈប់រើសអើងចំពោះកម្មការិនីមានផ្ទៃពោះនិងអ្នកសម្រាលកូនរួច ។

២-សូមក្រុមហ៊ុនយូលីកុំឲ្យមានការអនុវត្តន៍កុងត្រាខ្លី រយៈពេលមួយខែ ដែលផ្ទុយពីច្បាប់ការងារ ។

៣-សូមឲ្យក្រុមហ៊ុនយូលី ណែនាំ ថ្នាក់ដឹកនាំជនជាតិចិនទាំងអស់ ឲ្យមានសិលធម៌ល្អ រាល់ការជជែកឬ ណែនាំកម្មករ ។

៤-ក្រុមហ៊ុនយូលី ត្រូវពិនិត្យមើលឡើងវិញលើការកំណត់ ចំនួនភាគរយខ្ពស់ (ដាក់កំណត់ការផលិតច្រើន)ហួសពីសមត្ថភាពរបស់កម្មករកម្មការិនី និង

៥-សូមក្រុមហ៊ុនធ្វើការទូទាត់កម្រៃពលកម្ម ដែលកន្លងមក ទូទាត់ពុំបានត្រឹមត្រូវជូនកម្មករកម្មការិនី បាត់ខែណាត្រូវទូទាត់ខែហ្នឹង។

លោកអ៊ូ សុខឿន ក៏បានមានប្រសាសន៍ថា ចំពោះករណីកម្មករ ចោទ ប្រកាន់ថៅកែរក្រុមហ៊ុនយូលី បង្ខាំងកម្មករក្នុងទ្រុងដាក់ទណ្ឌកម្មឲ្យធ្វើការ បង្អត់អាហារ នោះ គឺពិតជាមានមែន ដាក់ទណ្ឌកម្មចំពោះកម្មការិនីណា ធ្វើការយឺត មិនគ្រប់តាមការកណត់របស់ក្រុមហ៊ុន ដោយក្រុមហ៊ុននិយាយថា ក្រុមហ៊ុន ទទួលកុងត្រាពីក្រុមហ៊ុនបញ្ជាទិញដែរ ដូច្នេះត្រូវតែជម្រុញឲ្យកម្មករផលិតឲ្យទាន់តាមអ្នកបញ្ជាទិញ គឺ៖គ្រាន់តែយកកម្មករកម្មការិនីដែលធ្វើការដេរយឺត ទៅធ្វើការដាច់ដោយឡែក ពីកម្មការិនីដទៃងាយស្រួល មេការតាមដាននិងជម្រុញការដេរឲ្យបានច្រើនតាមការកំណត់ពុំមានដាក់ទណ្ឌកម្មទេ។

លោកអ៊ូសុខឿនបន្តទៀតថា លទ្ធផលការប្រជុំដោះស្រាយតំណាងក្រុមហ៊ុនព្រមទទួលយកតាមសំណើររបស់កម្មករកម្មការិនីទាមទាទាំង០៥ចំណុច។ហើយចំពោះរបាដែកដាក់បង្ខាំងកម្មការិនីនោះក្រុមហ៊ុន សន្យា ថា ហៅជាងឲ្យមករុះរើចេញវិញនៅវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ចំណែកកម្មករ កម្មការិនីដែលនាំគ្នាធ្វើកូដកម្មមិនចូលធ្វើការនោះ បាននិយាយថា ពួកគេមិនជឿ លើថ្នាក់ដឹកនាំចិនទេ លុះត្រាតែមានចេញជាលិខិត លាយលក្ខណ៍អក្សរបិទប្រកាសជាសាធារណៈ ទើបជឿ និងចូលធ្វើការវិញ៕ យឹម សុថាន


ចែករំលែក៖