ខេត្តស្វាយរៀង ៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស៊ីម៉ាក់ បានឲ្យដឹងថា ប្រជាពលរដ្ឋនិងអង្គការស៊ីម៉ាក់បានរកឃើញនិងកំណត់ទីតាំងគ្រាប់បែកគីមី ចំនួន៨កន្លែងថ្មីទៀតនៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលសរុបមានចំនួន២២កន្លែង គិតមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រួមនឹងចំការគ្រាប់បែកចង្កោមមួយចំនួនទៀត។
អង្គការស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា កន្លងមកនេះ យើង រួមសហការជាមួយ អាជ្ញាធរមូលដ្ឋាន នៃស្រុករមាសហែក និងប្រជាពលរដ្ឋ បានរកឃើញនិកំណត់ទីតាំងគ្រាប់បែកគីមី ចំនួន៨កន្លែងថ្មីទៀត នៅភូមិតាសេក និងភូមិព្រៃក្តី ឃុំគីគីរ ដែលពីមុនតំបន់នេះ លិចទឹកនិងចូលមិនទាន់ដល់ទីតាំង។ សរុបមកដល់ថ្ងៃទី១៣នេះ កើនដល់ចំនួន២២ទីតាំងហើយរួមនឹងចំការគ្រាប់បែកចង្កោមមួយចំនួនទៀត។
មន្រ្តីស៊ីម៉ាក់បញ្ចាក់ថាតាមនីតិវិធី អាជ្ញាធរជាតិគីមីនិងស៊ីម៉ាក់កំពុង រង់ចាំក្រុមជំនាញរបស់អន្តរជាតិ ដើម្បីកំណត់អត្តសញ្ញាណសារធាតុគីមី និងធ្វើរបាយការណ៍បច្ចេកទេស មុនឈានដល់ការបោសសម្អាត គ្រាប់បែក និងសារធាតុគីមី ទាំងនោះចេញពីតំបន់ខាងលើ ។
យ៉ាងណាស៊ីម៉ាក់សង្ឃឹមថា ប្រជាជនកម្ពុជា អាចរស់នៅសុខសាន្ត ជាមួយបរិស្ថានធម្មជាតិ ដ៏ស្រស់ត្រកាល នៃទឹកដីស្រុករមាសហែក ក្រោយគ្រាប់បែកចង្កោម និងគ្រាប់បែកគីមី ត្រូវបានបោសសម្អាតរួចនាពេលអនាគត ៕ ប្រាថ្នា