ភ្នំពេញ៖ ទីតាំងអ៊ីនធើណេត១កន្លែង បង្កប់ល្បែងស៊ីសងខុសច្បាប់ ក្រោមស្លាកយីហោ វេលុយ និង Internet ២៤ម៉ោង ត្រូវបានការិយាល័យសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ចុះបង្រ្កាបជាក់ស្តែង កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៦១ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូលរាជធានីភ្នំពេញផង។
ពាក់ព័ន្ធនឹងករណីបង្ក្រាប ហាង អ៊ីធើណេត ដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ខាងលើ លោកវរសេនីយឯក ម៉ែន ហេងទិត នាយការិយាល័យសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថា ដោយសារមានការរាយការណ៍ជាសម្ងាត់ពីប្រជាពលរដ្ឋថាទីតាំងនេះមានង្កប់ល្បែងសុីសង ទើបលោកបើកកិច្ចស្រាវជ្រាវ រហូតឈានចុះប្រត្តិបត្តិការចូលឆែកឆេរនៅទីតាំងខាងលើ ដោយជាក់ស្តែង ហើយបានរកឃើញកុំព្យូទ័រ១១គ្រឿង (ឈុត) រួមទាំងម៉ាស៊ីនគិតលុយមួយព្រមទាំងបានឃាត់ខ្លួនមេការស្រីម្នាក់ផងដែរ។
ក្រោយពេលចុះបង្ក្រាបទីតាំងខាងលើនេះរួចមក សមត្ថកិច្ចបានបិទទ្វារ រីឯសម្ភារៈដែលដែលជាវត្ថុតាងត្រូវបានសមត្ថកិច្ចដកហូតយកទៅរក្សាទុកនៅការិយាល័យសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបណ្តោះអាសន្ន។ ចំណែកមេការនាំយកទៅសាកសួរដើម្បីអប់រំ៕ សុខាសែនជ័យ