ភ្នំពេញ៖ ជនជាប់ចោទកំពុងជាប់ពន្ធនាគារជិតបីឆ្នាំមកហើយ ដែលអ្នកខ្លះបានស្លាប់ក្នុងមន្ទីរពេទ្យថែមទៀតផង តែសាលក្រមត្រូវពន្យារពេលជាង៦ខែទើបកំណត់កាលបរិច្ឆេទប្រកាស ដែលមជ្ឈដ្ឋានអ្នកច្បាប់ ចាត់ទុកជាប្រវត្តិសាស្ត្រក្នុងប្រព័ន្ធតុលាការកម្ពុជាដែលពុំធ្លាប់មាន ។ ទោះបីយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ ពុំទាន់ប្រកាសសម្រេចយ៉ាងណានៅឡើយទេ ដោយចេញសាលក្រមរបៀប ឬ ពាក្យច្បាប់សរសេរថា”បង្គាប់តាមសាលក្រមឱ្យធ្វើការស៊ើបសួរបន្ថែម” ស្របតាមមាត្រា៣៣៩នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
លោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ប្រកាសសាលក្រមចាត់របៀបឱ្យលោក លី សុខលេង ចៅក្រមស៊ើបសួរ ចាត់ការស៊ើបសួរបន្ថែមករណីឃាតកម្មបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ដែលមានលោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដែលអាចប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ដើម្បីស៊ើបសួរបន្ថែមទៀត រកការពិតនៃសំណុំរឿងដ៏កក្រើកមួយនេះ ។
មាត្រា៣៣៩នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា”ប្រសិនបើយល់ថា ការស្រាវជ្រាវថ្មីជាការចាំបាច់តុលាការអាចបង្គាប់តាមសាលក្រមឱ្យធ្វើការស៊ើបសួរបន្ថែម។
ក្នុងមាត្រានេះ គឺ ពុំបានកំណត់រយៈពេលពិតប្រាកដ នៃការស៊ើបសួរបន្ថែមនោះទេ ។ ដូច្នេះមជ្ឈដ្ឋានមួយចំនួន យល់ថា រឿងក្តីដ៏កក្រើកមួយនេះ ពុំដឹងប្រើរយៈពេលប៉ុន្មានឆ្នាំទៀតនោះទេ ទើបបញ្ចប់ ហើយពន្លឺយុត្តិធម៌មានសម្រាប់ជនរងគ្រោះនោះ។
លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។
ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ចេស្តា