ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញចោទប្រកាន់អង្គការរុស្ស៊ីនៅពីក្រោយជំរុញឲ្យតំបន់កាតាឡូនៀទាមទារឯករាជ្យ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងរៀលម៉ាឌ្រីត អេស្ប៉ាញបានចោទប្រកាន់ក្រុមអង្គការមួយចំនួនរបស់រុស្ស៊ី បានប្រើប្រាស់បណ្តាញសង្គមជំរុញឲ្យពលរដ្ឋបោះឆ្នោតប្រជាមតិទាមទារឯករាជ្យ តំបន់កាតាឡូនៀ ចេញពីអេស្ប៉ាញ កាលពីខែតុលា កន្លងទៅ ធ្វើឲ្យអេស្ប៉ាញធ្លាក់នៅក្នុងវិបត្តិនយោបាយផ្ទៃក្នុង។

រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្ប៉ាញ លោក Maria Dolores De Cospedal និងរដ្ឋមន្ត្រីការបរទេស Alfonso Dastis បានបញ្ជាក់ថា មានភស្តុតាងគ្រាប់គ្រាន់បង្ហាញឲ្យឃើញថា អង្គការឯកជន ឬទទួលបានការគាំទ្រពីរដ្ឋាភិបាលរុស្ស៊ី និងវេណេហ្ស៊ូអេឡា បានប្រើប្រាស់បណ្តាញសង្គមដើម្បីបំផុះបំផុលការបោះឆ្នោតប្រជាមតិទាមទារឯករាជ្យផ្តាច់ខ្លួនចេញពីប្រទេសអេស្ប៉ាញ។

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក Dastis បានបញ្ជាក់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអឺរ៉ុបនៅទីក្រុង ព្រុចស៊ែល ប៊ែលហ្ស៊ិកថា «ជាងពាក់កណ្តាលគណនីសង្គម បានជំរុញឲ្យទាមទារឯករាជ្យ និងបណ្តាញទូរទស្សន៍ ក៏បានគាំទ្រផងដែរ គឺមានប្រភពចេញពីប្រទេសរុស្ស៊ី និង៣០ភាគរយ មកពីប្រទេសវេណេហ្ស៊ូយអេឡា យើងមានភ័ស្តុតាងច្បាស់លាស់បញ្ជាក់ពីបញ្ហាខាងលើ»។

រដ្ឋមន្ត្រី Dastis បានបញ្ជាក់ថា លោកបានប្រតិកម្មបញ្ហាខាងលើទៅកាន់វិមានប្រធានាធិបតី Kremlin ប៉ុន្តែរដ្ឋាភិបាលទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់ខាងលើ ដោយចោទប្រកាន់ទៅកាន់លោកខាងលិចវិញ ថា បានព្យាយាមបង្ខូចកិត្តិយលរុស្ស៊ី។

ចំណែកមេដឹកនាំតំបន់កាតាឡូនៀវិញ ក៏បានច្រានចោលការចោទប្រកាន់ ថា រុស្ស៊ីបានលូកដៃចូលរួមក្នុងការទាមទារឯករាជ្យ។ ភាគីរុស្ស៊ីមិនបានប្រកាសគាំទ្រតំបន់កាតាឡូនៀឯករាជ្យចេញពីអេស្ប៉ាញនោះឡើយ ប៉ុន្តែ ប្រធានាធិបតី ពូទីន ធ្លាប់បានរិះគន់រដ្ឋាភិបាលទីក្រុងរៀលម៉ាឌ្រីតរបស់អេស្ប៉ាញ និងប្រទេសលោកខាងលិច ដែលបានដាក់គំនៀបមិនឲ្យតំបន់កូសូវូឯករាជ្យចាកចេញពីប្រទេសសឺបៀ កាលពីឆ្នាំ២០០៨ ហើយពេលនេះ បានប្រឆាំងនឹងសកម្មភាពដូចគ្នានៅតំបន់គ្រីមៀ កាឡាឡូនៀ ឬតំបន់គ្រប់គ្រងដោយជនជាតិឃឺដ នៅក្នុងប្រទេសអុីរ៉ាក់ជាដើម។

ពាក់ព័ន្ធនឹងការទាមទារឯករាជ្យ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ពលរដ្ឋ ប្រមាណ៧០០នាក់ បាននាំគ្នាប្រមូលផ្តុំគ្នានៅក្នុងក្រុង ប្រ៊ុចស៊ែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីគាំទ្រដល់ការទាមទារឯករាជ្យភាពនៅតំបន់កាតាឡាន ដោយបានរិះគន់ទៅលើសហភាពអឺរ៉ុប និងទាមទារឲ្យរដ្ឋាភិបាលអេស្ប៉ាញដោះលែងក្រុមមន្ត្រីនៅក្នុងតំបន់ចេញពីពន្ធនាគារវិញ។

មេដឹកនាំតំបន់កាតាឡាន លោក Carles Puigdemont ដែលនិរទេសខ្លួនឯងទៅកាន់ប្រទេសប៊ែលហ្ស៊ិក ដោយមិនបានបង្ហាញអំពីការធ្វើបាតុកម្មណាមួយ ដែលគាំទ្រឯករាជ្យនៅសភាអឺរ៉ុប និងសមាជិក២-៣រូប ដែលរដ្ឋាភិបាលតំបន់បាននិរទេសខ្លួន។

លោក Josep-Maria Terricabras សមាជិកសភារដ្ឋាភិបាលអេស៉្បាញបានថ្លែងថា “លទ្ធិ ប្រជាធិបតេយ្យនៅក្នុងប្រទេសអេស្ប៉ាញ គឺមិនមែនបង្កជាជំងឺតែ១មុខគត់ប៉ុណ្ណោះទេ វាគឺជាការអនុវត្តដែលបណ្តាលឲ្យស្លាប់បាន”។

លោកបានបន្ថែមថា “អ្វីដែលបានកើតឡើងទាំងស្រុងនេះ គឺថាធម្មនុញ្ញសហភាពអឺរ៉ុប មិនបានដឹងច្បាស់ថា នៅពេលដែលមានការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ អ្នកមិនអាចលើកស្ទួយ (លោក Mariano Rajoy នាយករដ្ឋមន្ត្រីអេស្ប៉ាញ) ហើយរដ្ឋធម្មនុញ្ញ នៅក្នុងប្រទេសអេស្ប៉ាញ ស្ថិតនៅក្រៅច្បាប់ដែលបានតាក់តែងឡើង”។

ការតវ៉ារបស់ពលរដ្ឋយ៉ាងដូច្នេះ គឺបានធ្វើឡើងនៅឯគ្រឹះស្ថានសំខាន់របស់សហភាពអឺរ៉ុប ដោយបានកើតឡើង១ថ្ងៃ ក្រោយពីពលរដ្ឋកាតាឡូនៀររាប់ពាន់នាក់ បានតវ៉ានឹងការចាប់មន្ត្រីដាក់ពន្ធនគារដែលជំរុញឲ្យពួកគេទាមទារឯករាជ្យពីរដ្ឋាភិបាលអេស្ប៉ាញ៕ ម៉ែវ សាធី


ចែករំលែក៖