ខេត្តកណ្ដាលៈ រថយន្ដមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ជាអ្នកជិះម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងយុវតីអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ កាលវេលាម៉ោង១៨និង១០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចារាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-6665 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនក្រោយពេលកើតហេតុ ។ ចំណែកឯយុវជនរងគ្រោះបាត់បង់ជីវិតឈ្មោះ សុង សឿត ប្រុស អាយុ១៧ មុខរបរនិស្សិត ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1BU- 9606 រួមដំណើរជាមួយឈ្មោះ គុំ គន្ធា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនិស្សិត ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិត្បូងបឹង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង(តាកែវឆ្ពោះទៅភ្នំពេញ) លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកច្រាសទិសគ្នា ដោយល្បឿនលឿនដូចហោះក៏បានរេចង្កូតទៅឆ្វេងដែលជាផ្លូវរបស់ម៉ូតូជនរងគ្រោះ ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះឈ្មោះ សុង សឿត ប្រុស ជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯជនរងគ្រោះឈ្មោះ គុំ គន្ធា ភេទស្រី ជាអ្នករួមដំណើររងរបួសធ្ងន់ ។ ចំណែកអ្នកបើករថយន្ដបង្កបានទុករថយន្ដចោលរួចរត់គេចខ្លួនបាត់ស្រមោលក្រោយពេលកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្ដាលមកពីរថយន្ដបង្កបើកខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែស មិនប្រកាន់ស្ដាំ ទើបជ្រុលរេចង្កូតទៅបុកជាមួយម៉ូតូយ៉ាងដូច្នេះ ៕ ស្អាងជ័យ