ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះ បានឆ្មក់បង្ក្រាបទីតាំងលក់ផ្សិត យីហោ៩៩៩៩ មួយកន្លែង ដែលសង្ស័យថា លក់សាច់សត្វព្រៃជាច្រើនប្រភេទ ក្រោយចុះដល់កន្លែង សមត្ថកិច្ចចម្រុះដកហូតបានវត្ថុតាងសាច់សត្វ ឈាមសត្វព្រៃ និងឆ្អឹងជាច្រើនផងដែរ។ ម្ចាស់ផ្ទះត្រូវបានខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធី។
ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ដោយ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើស្នាក់ការកណ្តាល រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរ មានការចូលរួមអាជ្ញាធរភូមិឃុំផងដែរ។
បុរសជាម្ចាស់ផ្ទះ និងជាមុខសញ្ញាសង្ស័យថា ឈ្មួញជួញដូរសាច់ និងឆ្អឹងសត្វព្រៃត្រូវបានឃាត់ខ្លួនមានឈ្មោះ សៀក សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ(ដែលមានស្លាកយីហោលក់ផ្សិតក្រៀម៩៩៩៩) រស់នៅភូមិចេក(ស្រែខ្លុង) ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ការចុះបង្ក្រាបនេះ សមត្ថកិចចម្រុះដកហូតវត្ថុតាងរួមមានសត្វពង្រូលចំនួន២ក្បាល រស់០១ក្បាល អណ្តើកភ្នំ រស់ចំនួន០៨ក្បាល អណ្តើកផ្កាយរស់០១ក្បាល សត្វសំពោចងាប់ចំនួន០៤ក្បាល ក្បាល ប្រើសជាប់ស្នែងចំនួន១ សាច់ឈ្លូសស្រស់ចំនួន១០០គីឡូក្រាម ឆ្អឹងក្បាលកេងកោងចំនួន០១ ឆ្អឹងឈ្លូសក្រៀមចំនួន៣០០គីឡូក្រាម ចែជ្រូកព្រៃ(ខ្នាយ)ចំនួន១៤ខ្នាយ ឈាមឈ្លូសលាយស្រាចំនួន៤០០លីត្រ ចង្កូមឆ្កែព្រៃចំនួន២៣ចង្កូម ឈាមសត្វអាញីលាយស្រាចំនួន១លីត្រកន្លះ អន្សងរស់ចំនួន០១ក្បាល ក្រចកខ្លាឃ្មុំចំនួន៤១ក្រចក ។
ក្រោយធ្វើកំណត់ហេតុរួចមក ករណីខាងលើនេះកម្លាំងជំនាញក្រុមអន្តរាគមន៍សត្វព្រៃចល័ត រដ្ឋបាលព្រៃឈើស្នាក់ការកណ្តាលរាជធានីភ្នំពេញ បានដកហូតវត្ថុងតាងខាងលើ និងហៅម្ចាស់ផ្ទះឈ្មោះសៀក សុជាតិ ទៅសាកសួរដើម្បីចាត់ការទៅតាមនីតិវិធី ។
គួរបញ្ជាក់ថា នៅជិតបន្ទាយស្រែខ្លុងនេះ មិនមែនមានតែផ្ទះមួយកន្លែងហ្នឹងទេ ដែលជួញដូរសត្វព្រៃគឺមានជាច្រើនផ្ទះណាស់នៅតំបន់ខាងលើនោះ តែគេមិនដែលឃើញអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបម្តងណាឡើយ។ គេឃើញអស់លោកទាំងនោះចេញ ចូលញឹកញាប់ដែរ តែមិនដឹងថា ចូលទៅរកអ្វីឡើយ ទើបតែលើកនេះ ឃើញក្រុមមេព្រៃចល័តចុះមកបង្ក្រាប។ មានការលើកឡើងផងដែរថា ក្រុមអន្តរាគមន៍ចុះមកបង្ក្រាបនេះហាក់បីដូចជាចុះមកវាយបំបែកឆ្នាំងបាយរបស់មូលដ្ឋានយ៉ាងដូច្នោះដែរ៕ សេនាស័ក្តិ