ខេត្តកណ្តាល៖ បុរសមុខគួរឲ្យខ្លាចម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី បន្ទាប់ពីសង្ស័យថា បានចូលទៅក្នុងមុងប្រពន្ធអ្នកដទៃប៉ុនប៉ងចាប់រំលោភ មិនបានសម្រេច ស្រ្តីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ធាក់ចេញ និងស្រែកឲ្យគេជួយផ្អើលឆោឡោតែម្តង ។
ហេតុការណ៍មួយនេះបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ ពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
ព័ត៌មានសមត្ថកិច្ចបានបញ្ជាក់ប្រាប់កាសែតនគរវត្តថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ឈ្មោះ ស្រ៊ន ស្រ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិពោធិ៍រាម្មា ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។ រីឯជនរងគ្រោះឈ្មោះ ស. គ.ស. អាយុ៣៣ឆ្នាំ មុខរបរ ស្ត្រីមេផ្ទះ។
សមត្ថកិច្ចបន្តថា នៅមុនកើតហេតុ ជនរងគ្រោះកំពុងតែដេកក្នុងមុងជាមួយនឹងកូនប្រុសពីរអ្នកទៀត ក្រោយពេលប្ដីរបស់ជនរងគ្រោះបានទៅកាប់ជ្រូកឱ្យគេនៅខាងមុខផ្ទះ លុះក្រោយពេលឃើញប្ដីគេមិននៅផ្ទះដូចនេះ ជនសង្ស័យឈ្មោះស្រ៊ន ស្រ៊ុយ បានបើកមុងចូលធ្វើសកម្មភាពចាប់ជនរងគ្រោះ រំលោភសេពសន្ថវៈ ប៉ុន្ដែដោយជនរងគ្រោះដឹងខ្លួនទាន់ ក៏បានច្រានជនសង្ស័យនោះចេញ និងស្រែកឱ្យគេជួយ ។
ប្រភពបន្តថា បន្ទាប់ពីផ្អើលឆោឡោឡើង ជនសង្ស័យបានរត់គេចបាត់តែម្ដង តែក្រោយមកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី ហើយកម្លាំងនគរបាលប៉ុស្ដិ៍បានចុះស៊ើបអង្កេត ស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាក់ការបន្តតាមនីតិវិធី ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាចូលទៅក្នុងមុងរបស់ជនរងគ្រោះ ក្នុងគោលបំណងដើម្បីចាប់រំលោភសេពសន្ថវៈជនរងគ្រោះ ប្រាកដមែន ដោយាសារតែប្ដីនាងពុំនៅ តែត្រូវនាងដឹងខ្លួនទាន់រួចធាក់ខ្លួនចេញ រួចខ្លួនក៏បានរត់គេចខ្លួន ប្រាកដមែន ៕