ព័ត៌មានទាន់ហេតុការណ៍៖

ចាប់យកសង្ស័យថ្នាំញៀន៣១កញ្ចប់ ឃាត់ខ្លួនបាន២នាក់ ម្នាក់ទៀតរត់រួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ ផ្នែកអន្តរាគមន៍ និងសន្តិសុខ ក្រោមការបញ្ជាពីលោក យឹម សារ៉ាន់អធិការនគរបាលខណ្ឌ ឃាត់ខ្លួនពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចគោកបញ្ជាន់ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដែលដឹកនាំដោយលោកអធិការរងទទួលផ្នែកគ្រឿងញៀន ចុះបង្ក្រាបទីតាំងប្លុកគោកបញ្ជាន់ដែលជាតំបន់ជួញដូរ គ្រឿងញៀន មិនខុសពីតំបន់បឹងឈូកប៉ុន្មានទេ ដោយឃាត់បានជនសង្ស័យចំនួន២នាក់ ទី១ មានឈ្មោះ ញឹម គង្គា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដកហូតថ្នាំញៀន ១០កញ្ចប់តូង (ឃាត់ខ្លួន) ។ ទី២មានឈ្មោះ ទិត ណារិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដកហូតថ្នាំញៀន៣កញ្ចប់តូច និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានបោះថ្នាំចោលចំនួន១៨កញ្ចប់ ខណៈកម្លាំងសមត្ថកិច្ចចុះប្រត្តិបត្តិការណ៍បង្ក្រាប​ ហើយរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានបញ្ជូនមកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្ត តាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖