កូរ៉េខាងជើង បានតវ៉ាជាមួយអង្គការសហប្រជាជាតិថា ការធ្វើសមយុទ្ធរួមរបស់អាមេរិកនិងកូរ៉េខាងត្បូង ដេលមាននាវាផ្ទុកយន្តហោះរហូតដល់ទៅ៣គ្រឿង ចូលរួម គឺជាការត្រៀមលក្ខណៈធ្វើសង្គ្រាម ធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង។ អាវុធបរមាណូរបស់អាមេរិកបានត្រៀមវាយប្រហារកូរ៉េខាងជើង ។
នៅក្នុងលិខិតផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres, អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក Ja Song Nam បានចោទប្រកាន់អាមេរិកថា បានត្រៀមលក្ខណៈធ្វើសង្គ្រាម ដោយបញ្ជូនអាវុធបរមាណូ ទៅកាន់ឧបទ្វីបកូរ៉េ។ លោកបានទម្លាក់កំហុសទៅឲ្យអាមេរិកថា ជាអ្នក បង្កឲ្យមានភាពតានតឹង នៅក្នុងតំបន់។ លោក Ja Song Nam បានរិះគន់ ដល់ អង្គការសហប្រជាជាតិថា បានធ្វើព្រងើយកន្តើយ ចំពោះហេតុការណ៍ខាងលើ ដោយមិនស្នើឲ្យអាមេរិកបញ្ចប់ សកម្មភាពធ្វើសមយុទ្ធ ដែលជាចំណុចបង្កឲ្យមានភាពតានតឹង។
នាវាផ្ទុកយន្តហោះ៣គ្រឿង និងនាវាចម្បាំងជាច្រើនគ្រឿងទៀតរបស់កម្លាំងទាហានជើងទឹកអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធ រួមជាមួយកម្លាំងទាហានជើងទឹកកូរ៉េខាងត្បូង តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ។ នេះជាលើកទី១ តាំងពីឆ្នាំ២០០៧ នៅពេលដែល អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះ៣គ្រឿងចូលរួមធ្វើសមយុទ្ធ នៅតំបន់អាស៊ី ។
ភាពតានតឹងរវាងអាមេរិក នឹងកូរ៉េខាងជើង ប្រឈមមុខតានតឹងដាក់គ្នា តាំងពីពេលកូរ៉េខាងជើង សាកល្បង បរមាណូ និងការបាញ់សាកល្បងកាំជ្រួចមីស៊ីលជាច្រើនលើក ។ លោកត្រាំ និង គីមជុងអ៊ុន បានផ្ទុះសង្គ្រាមសំដីដាក់គ្នាជាច្រើនលើក ក្នុងនោះមានទាំងការគំរាមវាយប្រហារ កោះ Guam របស់អាមេរិកដោយមីស៊ីល៤ដើមពីកូរ៉េខាងជើង។
ចំណែកលោកត្រាំ ក៏បានព្រមាន ដល់កូរ៉េខាងជើងថា មិនត្រូវ សាកល្បង ការអត់ធ្មត់របស់អាមេរិកឡើយ។ ប៉ុន្តែ អាមេរិកនៅតែបើកទ្វារចំហរ ស្វាគមន៍កិច្ចពិភាក្សាជាមួយកូរ៉េខាងជើងក្នុងការបញ្ចប់កម្មវិធីបរមាណូ៕ ម៉ែវ សាធី