ភ្នំពេញ៖ បុរសជនជាតិចិន បាននាំស្រី្តម្នាក់មកដេកក្នុងផ្ទះសំណាក់ មួន មរកត បានប្រហែលជាកន្លះម៉ោង សង្ស័យដួលក្នុងបន្ទប់បណ្តាលឲ្យមានរបួស ហើយត្រូវស្ត្រីដែលមកជាមួយនោះហៅឲ្យសន្តិសុខផ្ទះសំណាក់ ជួយលើកដាក់ម៉ូតូរ៉ឺម៉កកង់បីទៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ដើម្បីជួយសង្គ្រោះ ប៉ុន្តែពេលទៅដល់បានរយះពេលជាង២ម៉ោង ក៏ដាច់ខ្យល់ស្លាប់។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបន្ទប់លេខA០៥ យីហោ មួន មរកត តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលិសបានប្រាប់ថា៖ ករណីខាងលើនេះ កើតឡើងតាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ មកម្ល៉េះគឺមានជនជាតិចិនប្រុស ស្រី២នាក់ បានជិះរថយន្ត១គ្រឿង ម៉ាកCRV ពណ៌ស្លែ ពាក់ស្លាកលេខកំពង់ចាម 2A0128 ចូលមកជួលបន្ទប់លេខA០៥ ដើម្បីសំរាកនៅម៉ោង២២និង៥៣នាទី ថ្ងៃទី១២ពេលចូលបានប្រហែលជាកន្លះម៉ោង ស្រាប់តែស្រ្តីជនជាតិចិនដូចគ្នា បានចេញមកពីបន្ទប់ស្រែកឲ្យសន្តិសុខជួយ លើកបុរសរងគ្រោះនោះដាក់លើម៉ូតូកង់បីដឹកយកទៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះ ប៉ុន្តែបានរយះពេលជាង២ម៉ោង ជនរងគ្រោះក៏ស្លាប់នៅម៉ោង២ទៀបភ្លឺថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមការឆ្លើយបំភ្លឺរបស់បុរសម្នាក់ឈ្មោះ យឿន ម៉េត អាយុ២៤ឆ្នាំ ដែលជាសន្តិសុខក្នុងផ្ទះសំណាក់នោះបានប្រាប់សមត្ថកិច្ចថា៖ ឃើញស្ត្រីជនជាតិចិនស្រែកឲ្យគាត់ជួយ ពេលនោះរូបគាត់ក៏ទៅជួយឃើញបុរសខាងលើមានស្នាមរបួសកន្លែងក្បាល ដោយសង្ស័យថា បុរសនោះដួលក្នុងបន្ទប់ ហើយគាត់ក៏ជួយលើកបុរសជនជាតិចិននោះដាក់លើម៉ូតូកង់បី ក៏ដឹកចេញទៅបាត់។ លុះដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏មានស្ត្រីដែលមកជាមួយជនរងគ្រោះនោះមកយករថយន្តទៅវិញ។
ប៉ូលិសប្រាប់ថា៖ បុរសជនជាតិចិនដែលស្លាប់នោះមានឈ្មោះ ហាយ ជួហ្វឹង អាយុ៤២ឆ្នាំ នាយករងនៅសហគមន៍ ហឺណាន កាន់លិខិតឆ្លងដែនលេខ G៥៥៤៣៩០៥៥ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយឡែកស្ត្រីជនជាតិចិនដូចគ្នា ដែលមកជាមួយបុរសរងគ្រោះនោះមានឈ្មោះ ឈឹន លី អាយុ៣៦ឆ្នាំ ស្នាក់នៅជាមួយគ្នា។
បច្ចុប្បន្នសពជនជាតិចិនខាងលើកំពុងតំកល់នៅវត្តស្ទឹងមានជ័យរង់ចាំសមត្ថជំនាញចុះទៅពិនិត្យ៕ តុង សីហា