ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ឆក់គេបានវាគ្រាន់ ដល់គេទាន់ចាប់បានវាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ក្នុងចំណោមបីនាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេចហើយ តែរត់មិនរួច។

ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរសាលាណត់ប្រ៊ីច តាមបណ្តោយផ្លូវ២០០៤ ស្ថិតសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប៉ូលិសប្រាប់ថា ជនសង្ស័យទាំងពីរនាក់ ដែលចាប់បាននោះ ១ ឈ្មោះ ត្រាំ​ សុភក្រ្ត័​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅ​ផ្ទះជួល ម្ដុំ​វត្ត​សន្សំ​កុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ​ មានស្រុកកំណើរនៅខេត្តតាកែវ និងឈ្មោះ លោ បូរ៉ា​ ភេទប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅ​ភូមិក្រាំងពង្រ ស្រុក​បាទី​ ខេត្ត​តាកែវ​។

ចំណែកជនរងគ្រោះមានឈ្មោះ ហេង រិទ្ធា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកបើកបររថយន្តស៊ីនទ្រី ស្នាក់នៅភូមិសំរោងកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

បើតាមសម្តីពីរជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើកបរម៉ូតូមួយគ្រឿងម៉ាក ហ្ស៊ុយស្សាគីស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-7635 ដោយទើបតែចេញមកពីកន្លែងនៅម្តុំចំការដូងហើយបំណងជិះត្រឡប់ទៅផ្ទះវិញ ដែលធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុក៏បានឈប់ម៉ូតូហើយក៏បានដកទូរស័ព្ទមកនិយាយ ខណៈពេលនោះស្រាប់តែលេចមុខក្រុមជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1I-0828 ជិះមកពីក្រោយ រួចក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន។

តែភ្លាមនោះក៏ត្រូវជនរងគ្រោះស្រែកចោរៗ ហើយជិះដេញតាមពីក្រោយរហូតទៅដល់ចំណុចខាងត្បូងសាលាយ៉ាម៉ាមីកូ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះជួយស្ទាក់ចាប់បានជនសង្ស័យទាំងពីរនាក់ខាងលើ និងស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្តាលឲ្យជនសង្ស័យម្នាក់រងរបួសបែកក្បាលឈាមហូរស្រោចខ្លួនរួមទាំងដកហូតម៉ូតូមួយគ្រឿង ចំណែកឯជនសង្ស័យម្នាក់ទៀតបានយកទូរស័ព្ទដៃដែលឆក់រត់គេចខ្លួនបាត់ស្រមោល ហើយទូរស័ព្ទរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យឆក់យកទៅម៉ាក សាំស៊ុង A9 ។

ក្រោយពេលកើតហេតុជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕ តុង សីហា


ចែករំលែក៖