កាលពីថ្ងៃទី១៥ ខែវិច្ឆិកា រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Rex Tillerson បានអំពាវនាវ ឲ្យបើកការស្រាវជ្រាវដោយឯករាជ្យទៅលើកម្លាំងយោធាមីយ៉ាន់ម៉ា ដែលធ្វើទុក្ខបុកម្នេញ ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា។
នៅក្នុងសន្និសីទកាសែតរួមជាមួយទីប្រឹក្សារដ្ឋាភិបាល លោកស្រី អ៊ុងសាន ស៊ូជី និង អគ្គមេបញ្ជាការកងទ័ព មីយ៉ាន់ម៉ា លោក Min Aung Hlaing នៅទីក្រុងណៃ ពីដោ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Tillerson បានបញ្ជាក់ថា អាមេរិកមានក្តី បារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពដែលកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ប៉ុន្តែ លោក Tillerson បញ្ជាក់ថាការដាក់ទណ្ឌ កម្ម មិនអាចជួយមីយ៉ាន់ម៉ាដោះស្រាយស្ថានភាពនោះឡើយ។
កន្លងមកអង្គការសហប្រជាជាតិ បាន ចាត់ទុកសកម្មភាព នៅមីយ៉ាន់ម៉ា គឺជាការ ប្រកាន់ជាតិសាសន៍ ។អំពើហិង្សាកើតឡើងនៅរដ្ឋរ៉ាឃីនតាំងពីខែសីហាមកទល់ពេលនេះបានសម្លាប់មនុស្សរាប់រយនាក់ និង ពលរដ្ឋជាង៦សែននាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Rex Tillerson បានធ្វើដំណើរទៅ ដល់មីយ៉ាន់ម៉ានៅថ្ងៃទី១៥ ខែវិច្ឆិកា ជា ដំណើរទស្សនកិច្ចមួយ ក្នុងគោលដៅដើម្បីជំរុញឲ្យប្រមុខដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ុងសាន ស៊ូជីនិងមេទ័ពបិទបញ្ចប់រាល់ អំពើហិង្សាដែលកាន់តែរីករាលដាលយ៉ាងខ្លាំងនៅប៉ែកខាងលិចប្រទេសមីយ៉ាន់ម៉ា។
ប្រកបដោយសម្ដីម៉ឺងម៉ាត់ប្រឆាំងទៅលើថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាប្រមុខការទូតអាមេរិក លោក Rex Tillerson បាន វិនិច្ឆ័យថាមីយ៉ាន់ម៉ា គឺជាអ្នកទទួលខុសត្រូវនៅលើវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ពីព្រោះ គ្រាន់តែរយៈពេលជាង២ខែកន្លះប៉ុណ្ណោះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៦សែននាក់ បានភៀសខ្លួនពីអំពើហិង្សានៅមីយ៉ាន់ម៉ាដើម្បីទៅជ្រកកោននៅប្រទេសបង់ក្លាដែស។
នៅមុនពេលធ្វើដំណើរទៅមីយ៉ាន់ម៉ា លោក Tillerson បានថ្លែងថា លោកត្រូវជួបប្រាស្រ័យជាបឋមជាមួយមេទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing ដើម្បីទាមទារ ឲ្យពួកយោធាបិទបញ្ចប់រាល់អំពើហិង្សានៅមីយ៉ាន់ម៉ា ។
ក៏ប៉ុន្តែ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆកា នេះ នៅក្បែរគ្នាជាមួយនឹងលោកស្រី អ៊ុងសាន ស៊ូជីថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ប្រមុខការទូត អាមេរិក Rex Tillerson បានថ្លែងបញ្ជាក់ ដែរថា លោកប្រឆាំងនឹងការដាក់ទណ្ឌកម្មទៅលើមីយ៉ាន់ម៉ា ក៏ប៉ុន្តែលោកបានទាមទារជាថ្មីទៀតសុំឲ្យមានបើកការស៊ើបអង្កេតមួយដែលអាចយកជាការបាននៅលើការចោទប្រកាន់នានាស្តីពីការបោសសម្អាតជាតិពិន្ធុរ៉ូហុីងយ៉ាដែលជាសហគមន៍អ្នកកាន់សាសនាអ៊ិស្លាមនៅមីយ៉ាន់ម៉ា ។
គួររំលឹកថា យោធាមីយ៉ាន់ម៉ា ធ្លាប់បានបដិសេធពីការរំលោភបំពានលើសហគមន៍រ៉ូហ៊ីងយ៉ាបន្ទាប់ពីការស៊ីបអង្កេតផ្ទៃក្នុងមួយនិងបានពន្យល់ប្រាប់ថាពួកខ្លួននឹងធ្វើការប្រយុទ្ធប្រឆាំងទល់នឹងក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា។ ក៏ប៉ុន្តែ នៅឯជំរំជនភៀសខ្លួននៅបង់ក្លាដែសវិញ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលមានគ្នាយ៉ាងច្រើននោះ បានអះអាងប្រាប់ ថា កងទ័ពមីយ៉ាន់ម៉ា នោះហើយ ដែលជាអ្នកធ្វើការរំលោភបំពានយ៉ាងព្រៃផ្សៃមកលើសហគមន៍ខ្លួនដូចជាការកាប់សម្លាប់ ការរំលោភបំពានលើផ្លូវភេទ ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនិងការដុតបំផ្លាញភូមិឋានរបស់ពួកគេគ្មានសល់៕ ម៉ែវ សាធី