ខេត្តកណ្ដាលៈ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន ពាក់ព័ន្ធករណីថ្នាំញៀន យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្តីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ចាប់ខ្លួនបាន ទី១-ឈ្មោះ សោម សុខ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ទី២-ឈ្មោះធឿន ផានី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ និងទី៣-ឈ្មោះ សយ សាមីឌី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ។ ជនសង្ស័យទី២និងទី៣មានទីលំនៅភូមិទួលត្នោតឃុំ ពើកស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១កញ្ចប់តូច ,ទូរសព្ឌ័ដៃចំនួន២គ្រឿង ,លុយដុល្លារសែន ក្រដាស់១០០ដុល្លារចំនួន៤៧០០ដុល្លារ ស្មើ៤៧សន្លឹក និងកាបូបស្ពាយដាក់លុយដុល្លារសែន១ផងដែរ ។
ប្រភពដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានចុះល្បាតក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង និងងាយរងគ្រោះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្សយ័៣កំពុងជិះម៉ូតូ ដោយមានការសង្សយ័ សមត្ថកិច្ចក៏បានហៅឲ្យឈប់ រួចសូមឆែកឆេរត្រួតពិនិត្យ ក៏បានប្រទះឃើញថ្នាំញៀនចំនួន១កញ្ចប់តូច នៅនឹងខ្លួនជនសង្ស័យឈ្មោះ សោម សុខ ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងខាងលើយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីក៏សាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំង៣នាក់បានសារភាពថា ថ្នាំញៀនខាងលើនេះ គឺពិតជារបស់ពួកគេប្រាកដមែន ដោយពួកគេទាំង៣បានចូលលុយគ្នាម្នាក់មួយមុឺនរៀលទៅទិញថ្នាំញៀនពីឈ្មោះ រ៉េម ភេទប្រុស នៅភូមិត្រពាំងជ្រៅ ឃុំសំរោងលើស្រុកអង្គស្នួល ដើម្បីយកមកប្រើប្រាស់ ហើយចំពោះការប្រើប្រាស់វិញ គឺពួកគេបានប្រើប្រាស់អស់រយះពេលជាងមួយឆ្នាំមកហើយ ៕ស្អាងជ័យ