ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងបារីមួយដើមបំផ្លាញផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិតម្លៃ៣៥លានរៀល

ចែករំលែក៖

ខេត្តព្រៃវែង៖ ផ្ទះមួយខ្នងសង់អំពីឈើប្រក់ស័ង្កសីត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់បន្ទាប់ពីបុរសជាម្ចាស់ផ្ទះបានជក់បារីនៅជាប់នឹងមាត់រួចទៅយកដបសាំងមកចាក់ម៉ូតូក្នុងបំណងជិៈទៅបូមទឹកដាក់ស្រូវជាហេតុបណ្ដាលឲ្យភ្លើងបារីនោះឆាបឆេះអស់ទាំងផ្ទះម៉ូតូរួមនិងទ្រព្យសម្បត្តិសរុបជាង៣០លានរៀល។

ហេតុការណ៍មានអគ្គិភ័យនេះបានកើតឡើងកាលពីព្រលឹមថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧ ចំណុចភូមិដង្គៀបក្តាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះព្រុំ ឆាន ភេទប្រុសអាយុ៤២ឆ្នាំនិងប្រពន្ធឈ្មោះភឹម ថាវី អាយុ៥០ឆ្នាំអ្នកទាំងពីរមានទីលំនៅផ្ទះកើតហេតុ។

អធិការស្រុកកំពង់ត្របែកលោក សួន សំអឿន បានឲ្យដឹងថានៅមុនពេលកើតហេតុបុរសជាម្ចាស់ផ្ទះបានក្រោកពីយប់ដោយជក់បារីនៅជាប់នឹងមាត់រួចដើរទៅយកដបសាំងមកចាក់ម៉ូតូដើម្បីជិះទៅបូមទឹកដាក់ស្រូវ។នៅពេលដែលគាត់កំពុងចាក់សាំងចូលម៉ូតូស្រាប់តែភ្លើងបារីឆាបឆេះពីកន្ទុយបារីឆ្លងដល់ម៉ូតូយ៉ាងសន្ធោសន្ធៅនិងរាលដាលឆេះពេញបន្ទុកផ្ទះអស់១ខ្នងសង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងដែកទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រតែម្តង សូម្បីអ្នកភូមិចេញជួយធ្វើអន្តរាគមន៍ដងទឹក ឬយកទុយយោបាញ់ទឹកពន្លត់ក៏មិនឈ្នះដែរ ។

លោកព្រុំ ឆាន ជាម្ចាស់ផ្ទះ បានឲ្យដឹងថា អគ្គិភ័យនេះបានបំផ្លាញផ្ទះមួយខ្នងប្រាក់ខ្មែរចំនួន១២០០ ០០០រៀល(មួយលានពីរសែនរៀល) មាសចំនួន២ជី៥ហ៊ុន ម៉ូតូឌ្រីម ម៉ូតូហុងដា C125ស៊េរីឆ្នាំ២០១៥មួយគ្រឿង ជីធ្វើស្រូវប្រាំងចំនួន២០បាវ សាំង១កាន ហ្គាសមួយធុងធំ ស្រូវ២០បាវនិងសម្ភារៈមួយចំនួនទៀតដែលសរុបជាទឹកប្រាក់ចំនួន៣៥លានរៀល។ដោយឡែកខ្លួនគាត់ជាម្ចាស់ផ្ទះដែលជាអ្នកជក់បារីបានរងរបួសស្រាលព្រោះត្រូវអណ្ដាតភ្លើងឆាបឆេះមកប៉ះខ្លួនមួយចំហៀង ៕ សហការី


ចែករំលែក៖