ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច នគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ខណ្ឌទួលគោក បានទទួលព័ត៌មាន ពីករណីមនុស្សឆក់ខ្សែភ្លើងស្លាប់ នៅចំណុចដីឡូត៍លេខ៤ ផ្លូវ លេខ១២២Z ក្រុមទី៣១ ភូមិ៨ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ញ៉យ វីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្នក្នុងការដ្ឋាន សំណង់ដីឡូត៍លេខ៤ ផ្លូវលេខ១២២Z ក្រុម ទី៣១ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិព្រៃផ្ដៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ជនរងគ្រោះមានស្នាមឆេះខ្លោចនៅគូថខោលីអូខាងឆ្វេង ។
ប្រភពព័ត៌មានតាមការបំភ្លឺអះអាងរបស់ឈ្មោះ តាន់ ឌួង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ជាកម្មករ សំណង់ ធ្វើការចាក់ពុម្ពសសរជាមួយជនរងគ្រោះ និងឈ្មោះ ចេន សែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ជាមេការសំណង់ បានអះអាងថា៖ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ញ៉យ វីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ (សព) និងកូនជាងប្រហែល១០នាក់ បានធ្វើសំណង់នៅក្នុងការដ្ឋានដីឡូត៍លេខ៤ ផ្លូវ លេខ១២២Z ក្រុម ទី៣១ ភូមិ៨ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក ពេលនោះឈ្មោះ ញ៉យ វីន បាន យកម៉ូទ័រប្រើខ្សែភ្លើងមកបាញ់វុីសសសរដើម្បីចាក់ពុម្ពឡើង សសរ ដោយឡើងជាន់លើខ្នាបសសរ ភ្លាម នោះជនរងគ្រោះបានស្រែកថាឆក់ៗ ហើយក៏ធ្លាក់មកលើដី ពេលនោះកម្មករ និងមេការ បាន ដកខ្សែភ្លើងម៉ូទ័រចេញរួចបាននាំគ្នាជួយសង្គ្រោះធ្វើចង្វាក់ បេះដូង ហើយក៏ដឹកជនរងគ្រោះតាមកង់បី យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុម: តែជនរងគ្រោះបានស្លាប់បាត់ហើយ រួច ក៏រាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ និងសមត្ថកិច្ចជំនាញចុះមកពិនិត្យតែម្ដង ។
តាមការពិនិត្យនិងសន្និដ្ឋានរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា ជនរងគ្រោះបានស្លាប់បណ្ដាលមកពីឆក់ចរន្តអគ្គីសនី (ឆក់ខ្សែភ្លើងស្លាប់) ។
បច្ចុប្បន្នសព ត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិព្រៃផ្ដៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៕ ស តារា