ភ្នំពេញ៖ កុមារីម្នាក់ ទៅរៀនដោយមានអការចុកពោះក្អួតមិនស្រួលខ្លួនហើយត្រូវបានអ្នកគ្រូបង្រៀនតេទូរស័ព្ទទៅឪពុកម្តាយឲ្យយកទៅព្យាបាល តែឪពុកម្តាយខ្វះការប្រុងប្រយ័ត្នមិនបានយកកូនទៅសង្គ្រោះភ្លាមៗ រហូតកូន មានអការធ្ងន់ធ្ងរ ទើបបញ្ជូនទៅមន្ទីរពេទ្យតែ អកុសលកុមារីខាងលើបានស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សាកសពឈ្មោះ ភៀន ឆេងលៀង អាយុ៩ឆ្នាំសិស្ស សាលាបឋមសិក្សាហ៊ុនសែនទួលសុភាឃួន នឹងសាលាអន្តរជាតិបែលធី ជម្ពូវន្ត។ ឪពុកឈ្មោះ ផាន់ ភៀន ៤១ឆ្នាំមុខរបរលក់ត្រីនៅផ្សារព្រៃទា រស់នៅភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ ព្រៃភូមិ ឃុំកញ្ជាចស្រុកកញ្ជាច ខេត្តព្រៃវែងនិងម្តាយឈ្មោះ ជិន សុខឃឿន៣៩ឆ្នាំ មុខរបរ លក់ដូរស្នាក់នៅជាមួយគ្នា ។
តាមប្រភពព័ត៌មានពីម្តាយបានរៀបរាប់ប្រាប់ថា គាត់មានកូនស្រីតែ២នាក់ ដោយកូនបងអាយុ១៧ឆ្នាំ និងកូនស្រីពៅដែលរងគ្រោះខាងលើ។ គាត់បាននិយាយថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៤រសៀល ថ្ងៃកើតហេតុខាងលើ អ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាហ៊ុនសែនទួលសុភាឃួនបានតេទូរស័ព្ទមកប្រាប់ខ្លួនថា កូនរបស់គាត់ មិនសូវស្រួល។ បន្ទាប់មកគាត់បានឲ្យប្តីគាត់ទៅសាលាសួរនាំទៅកូនកើតអី បានជាចុកពោះ ហើយក្មេងៗមិត្តភក្តិបាននិយាយប្រាប់ថា ឆេងលៀង បានញ៉ាំមីកញ្ចប់ ហើយបានរត់លេង ស្រាប់តែចុកពោះ និងក្អួតតែម្តង ។
តាមប្រភពពីបុរសជាឪពុក បានបន្តទៀតថា បន្ទាប់មក រូបគាត់បានឌុបកូនស្រីខាងលើ មកកន្លែងលក់ដូរ នៅផ្សារព្រៃទា ហើយបានលាបប្រេងកូឡា រិតខ្លួនកូនស្រីរបស់គាត់ឲ្យដេកថែមទាំងនិយាយលេងជាមួយកូន រួចរូបគាត់បានទៅលក់ដូរបន្តទៀតទៅ លុះកន្លះម៉ោងក្រោយមក កូនរបស់គាត់ មានអការរិតតែធ្ងន់ធ្ងរក៏បញ្ជូនកូនរបស់គាត់ទៅមន្ទីរពេទ្យ២៤ម៉ោងជិតផ្សារព្រៃទា ខណៈនោះពេទ្យខាងលើ មើលនឹងភ្នែក ទុកកូនស្រីគាត់នៅខាងក្រៅមិនព្រមមើលទុកចោលដោយប្រាប់ឲ្យយកទៅមន្ទីរពេទ្យធំ។
បន្ទាប់មកទៀត ឃើញពេទ្យខាងលើមិនព្រមជួយមើល រូបគាត់បាននាំកុមារីខាងលើ ទៅមន្ទីរពេទ្យធំ លុះធ្វើដំណើដល់ផ្លូវ សហព័ន្ធរុស្សីស្ទះពេក អការ រិតតែធ្ងន់ ហើយបាននាំចូលទៅមន្ទីរពេទ្យ ស័ងម៉ារី នៅមុខព្រលានយន្តហោះ ពោធិ៍ចិនតុង តែបានបញ្ជូនដល់ពេទ្យខាងលើ ដោយនិយាយប្រាប់ថា មិនមានសង្ឃឹមឡើយ តែមន្ទីរពេទ្យខាងលើព្យាយាមជួយធ្វើចលនា មួយសន្ទុះក្រោយមកស្រាប់តែដាច់ខ្យល់បាត់ ក៏នាំសពកូនកាត់មកផ្ទះ។
ក្រោយពីកើតហេតុ ក្រុមគ្រួសារសាកសពរាយការណ៍ទៅនគរបាលប៉ុស្តិ៍ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍រាយការណ៍ទៅនគរបាលជំនាញចុះមកធ្វើកោសល្យវិច័យ។ រហូតអស់រយះពេលជាច្រើនម៉ោង ទើបកម្លាំងនគរបាលមកម្តងទៀតដើម្បីសួរនាំ និងធ្វើលិខិតបដិសេធបណ្តឹង និងលិខិតប្រគល់សពឲ្យក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ សុខាសែនជ័យ