ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌដូនពេញបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការវិវឌ្ឍនយោបាយនៅកម្ពុជាក្រោយការរំលាយគណបក្សសង្គ្រោះជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៥:០០នាទី នៅសាលប្រជុំ សាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការវិវឌ្ឍនយោបាយនៅកម្ពុជាក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយលោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការរងខណ្ឌ លោកមេបញ្ជាការរងខណ្ឌ លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ លោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ការិយាល័យជុំវិញខណ្ឌ ទីរួមផ្សារទាំង3 និងលោក-លោកស្រីអតីតចៅសង្កាត់ ចៅសង្កាត់រងដែលមកពីគណបក្សសង្គ្រោះជាតិ ដែលទើបរំលាយ។

តាមរយៈកិច្ចប្រជុំនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា ដោយយោងតាមស្មារតីនៃកិច្ចប្រជុំបន្ទាន់របស់សាលារាជធានីភ្នំពេញ ក៏ដូចជាប្រសាសន៍របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សូមធ្វើការផ្សព្វផ្សាយជូនអំពីសភាពការណ៍នយោបាយ ពិសេសពាក់ព័ន្ធនឹងការប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល និងបញ្ឈប់ការធ្វើសកម្មភាពនយោបាយរបស់សមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨រូប រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ។

លោកអភិបាលខណ្ឌ បានធ្វើការគូសបញ្ជាក់នូវចំនុចសំខាន់មួយចំនួនដូចខាងក្រោម៖

1-ទុកឱកាសឲ្យរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃនេះទៅ ដើម្បីឲ្យលោក-លោកស្រីអតីតក្រុមប្រឹក្សាសង្កាត់ ខណ្ឌដែលមកពីអតីតគណបក្សសង្គ្រោះជាតិ ចូលរួមជីវភាពនយោបាយពីអតីតគណបក្សសង្គ្រោះជាតិបានរលាយបាត់ ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល បម្រើឆន្ទៈរាស្រ្តពិតប្រាកដ បន្តរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិដោយពិតប្រាកដ។ ករណីមិនព្រម គណបក្សប្រជាជនកម្ពុជា នឹងជ្រើសរើសសមាជិកបំពេញបន្ថែមពីគណបក្សប្រជាជន ដែលមានក្នុងបញ្ជីឈ្មោះគណបក្ស បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី4 កាលពីថ្ងៃ04 ខែមុថុនា ឆ្នាំ2017កន្លងទៅ ដែលបានតម្កល់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

2-សូមទម្លាក់និងដកចេញនូវស្លាកសញ្ញាគណបក្សសង្គ្រោះជាតិដែលបានបញ្ឈរតាំងតាមទីសាធារណៈនិងផ្ទះបងប្អូនប្រជាពលរដ្ឋជាបន្ទាន់ បើមិនដូច្នោះទេ គណៈបញ្ជាការឯកភាពខណ្ឌនឹងធ្វើការដកហូត។

3-ចំពោះសង្កាត់ចំនួន4 រួមមានសង្កាត់ផ្សារកណ្តាលទី1 សង្កាត់ជ័យជំនះ សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ សូមផ្អាកការចុះហត្ថលេខាដោយអតីតចៅសង្កាត់ដែលមកពីអតីតគណបក្សសង្គ្រោះជាតិទើបរំលាយ គឺសូមប្រគល់ជូនលោកចៅសង្កាត់រងទី2 មកពីគណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាជំនួស ដើម្បីធានានិរន្តរភាពការងាររដ្ឋបាលស្របច្បាប់ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមមូលដ្ឋានជាប្រក្រតី ៕ ស តារា


ចែករំលែក៖