ខេត្តព្រះសីហនុ ៖ អគ្គិភ័យឆេះរោងសិប្បកម្មផលិតទឹកកកមួយកន្លែងនៅវេលាម៉ោង១២និង៥៥នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់គល់ស្ពានបន្ទាយប្រិយ ភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ទោ ហ៊ឹម សុធារ៉ា នាយរងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យខេត្តព្រះសីហនុ បានឲ្យនគរវត្តដឹងថា គ្រោះថ្នាក់នេះបណ្ដាលមកពីផ្ទុះធុងហ្គាស ហើយឆេះរាលដាលដល់ស៊ីទែនស្តុកប្រេង និងអគារ ខណៈមានភ្លៀងផ្គរ រន្ទះយ៉ាងខ្លាំង។
លោកវរសេនីយ៍ទោបានបញ្ជាក់ថា ទីតាំងកើតហេតុស្ថិតនៅក្នុងឃុំសំរុង ដែលឃ្លាតពីទីក្រុងព្រះសីហនុ ចំងាយជាង៣០គីឡូម៉ែត្រ និង ឃ្លាតពីអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ប្រមាណ១០គីឡូម៉ែត្រ។ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង១គ្រឿងទៀតរបស់កងរាជអាវុធហត្ថ បានចេញធ្វើអន្តរាគមន៍ ទៅសង្គ្រោះពន្លត់ភ្លាមៗ ហើយបានរលត់ទាំងស្រុង នៅវេលាម៉ោង២និង៥៥នាទីរសៀលថ្ងៃដដែលដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកអស់៥គ្រឿង ក្នុងនោះទឹកលាយសាប៊ូចំនួន៤រថយន្តផងដែរ ។
តាមប្រភពព័ត៌មានពីម្ចាស់រោងសិប្បកម្ម ឈ្មោះ ជា ប៊ុនថន ភេទប្រុស អាយុ៥២ឆ្នាំ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមានភ្លៀងធ្លាក់ ហើយមានរន្ទះបាញ់ត្រូវចំខ្សែភ្លើង រួចឆ្លងចរន្តអគ្គិសនី មកឆេះធុងហ្គាស២ធុង បណ្តាលឲ្យផ្ទុះឆេះរាលដាលតែម្តង។
សម្ភារខូចខាតរួមមានឆេះរថយន្តកូរ៉េដឹកទំនិញ១គ្រឿងម៉ាកហីុយ៉ាន់ដាយ ចំណុះ២,៥តោន ទូដាក់កុងទ័រភ្លើង៨ទូ ឆេះដំបូលរោងចក្រអស់ប្រហែល៣០ភាគរយ ឆេះលុយអស់ជាង៣០លានរៀល និងប្រេងម៉ាស៊ូតប្រមាណ៣.០០០លីត្រ គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។
លោកវរសេនីយ៍ទោ ហ៊ឹម សុធារ៉ា បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេល កំពុងប្រតិបត្តិការ ពន្លត់អគ្គិភ័យនេះ ក៏មានវត្តមានលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧកញ៉ា ទៀ វិចិត្រ បានមកដល់កន្លងកើតហេតុផងដែរ។ ពេលនោះលោកឧកញ៉ា ទៀ វិចិត្រ ឃើញបងប្អូន សមត្ថកិច្ចយេីង ខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់លោកឧកញ៉ាបានជួយឧបត្ថម្ភដល់ ភ្នាក់ងារពន្លត់អគ្គិភ័យ ក្នុងរថយន្តពន្លត់អគ្គិភ័យ១គ្រឿងថវិកា៣០០ដុល្លារ និងចាក់ប្រេងពេញក្នុងរថយន្តនីមួយៗ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់នគរបាល៣គ្រឿង និងកងរាជអាវុធហត្ថ១គ្រឿង៕ឆ្លាម សមុទ្រ