ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់និងដកហូតថ្នាំញៀន៥៥កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងធ្វើការបង្រ្កាបចាប់ខ្លួននិងដកហូតថ្នាំញៀនចំនួន៥៥កញ្ចប់ ។ ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ក្នុងប្រតិបត្ដិការបង្រ្កាបនេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៥៥កញ្ចប់ និងឧបករណ៍សម្រាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ មួយ ហ៊ុយ ហៅអាកំពិត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិឃុំត្រើយស្លា ស្រុកស្អាង ដែលសមត្ថកិច្ចបានតាមដានជាយូរមកហើយ តែពុំមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនជនសង្ស័យខាងលើបានទេ លុះមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាងបានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀនត្រង់ចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រើយស្លា ដឹកនាំដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ដោយមានសុំការអនុញ្ញាតិពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ចុះធ្វើការបង្រ្កាបឆែកឆេរផ្ទះជនសង្ស័យបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៥៥កញ្ចប់ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះគឺពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីជនមិនស្គាល់អត្ដសញ្ញាណម្នាក់នៅម្ដុំវាលខ្សាច់ ស្ថិតក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃ១២០០០០០រៀល(មួយលានពីរសែនរៀល)ដើម្បីយកទៅលក់បន្ដ ៕ ស្អាងជ័យ


ចែករំលែក៖