ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កលក់ប្រហិតឆ្លងផ្លូវត្រូវម៉ូតូបុករបួសម្នាក់ហើយត្រូវរថយន្តបុកម៉ូតូមួយគ្រឿងទៀតនៅទីតាំងតែមួយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្ន ក៏ជ្រុលបុករ៉ឺម៉កលក់ប្រហិតចៀនពេលកំពុងឆ្លងផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខបឋមសិក្សាភូមិឫស្សីកែវ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសពីរនាក់ប្តីប្រពន្ធ បានជិះម៉ូតូសណ្តោងរ៉ឺម៉កលក់ប្រហិតចៀន និងបុកល្ហុង ធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍ បំណងឆ្លងផ្លូវទៅខាងស្តាំដៃវិញពីត្បូងទៅជើង ខណៈមកដល់ចំណុចពាក់កណ្តាលផ្លូវ ក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN 1954 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករ៉ឺម៉កពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ កំពុងសម្រួលចរាចរណ៍ ស្រាប់តែមានរថយន្តម៉ាក ហ្វត RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AE 1161 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូងក៏ជ្រុលបុកម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាក ក ៣៧៥៤ ភព១ បើកបរដោយបុរសម្នាក់ធ្វើដំណើរពីមុខរថយន្តបណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមនោះ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ដោយឡែករថយន្តរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិកានគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយពេលក្រោយ។ ចំណែករ៉ឺម៉កលក់ប្រហិតនិងម៉ូតូក៏បានសម្រួលគ្នាយកទៅជួសជុលខ្លួនឯង៕​ សុខាសែនជ័យ


ចែករំលែក៖