ព័ត៌មានទាន់ហេតុការណ៍៖

លោកគ្រូ អ្នកគ្រូសិស្សានុសិស្សសូមអន្តរាគមន៍ពីអាជ្ញាធរខេត្តមេត្តាផ្ដល់អគារ២ខ្នងដល់អនុវិទ្យាល័យម្រាមខណៈអគារបាក់បែក ទ្រុឌទ្រោមនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈកម្មការមាតា បីតាសិស្ស ដែលបង្រៀននៅអនុវិទ្យាល័យម្រាម បានអំពាវនាវរកសប្បុរសជន ជាពិសេសរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត មេត្តាផ្តល់អគារសិក្សា២ខ្នង ដោយអគារបាក់បែកទ្រុឌទ្រោមយ៉ាងខ្លាំង ជួសជុលអស់លទ្ធភាព ដំបូលលិច ជញ្ជាំងរហែកបាំងកៅស៊ូតង់ សសរពុក ផ្ទោងផ្លានក៏ពុកប្រឈមនឹងដួលរលំដោយភ្លៀងខ្យល់កន្ត្រាក់នាចុងរដូវវស្សានេះ។

ទាក់ទិនករណីខាងលើនេះ លោកម៉ៅ វាន នាយកសាលាអនុវិទ្យាល័យម្រាម បានមានប្រសាសន៍ថា អនុវិទ្យាល័យម្រាមបានបង្កើតឡើង ចាប់តាំងពីខែមករា ឆ្នាំ២០១៣ បានប្រកាសជាផ្លូវការនៅឆ្នាំ២០១៤ មានលោកគ្រូ ចំនួន៦រូប ។ នៅឆ្នាំសិក្សា២០១៣-២០១៤ មានសិស្ស ១២៥នាក់ ស្រី៥៥នាក់ ត្រូវចូលសិក្សា។ ដូច្នេះលោកត្រូវសុំខ្ចីអគារចាស់ នៃសាលាបឋមសិក្សាម្រាម១ខ្នងមកជួសជុលដើម្បីបង្រៀនសិស្ស រហូតមកដល់បច្ចុប្បន្នឆ្នាំសិក្សា២០១៧-២០១៨នេះ អនុវិទ្យាល័យម្រាម ពុំទាន់មានអគារសិក្សានៅឡើយទេ ហើយអគារសិក្សា ដែលកំពុងបង្រៀនសព្វថ្ងៃនេះ គឺជាអគារសិក្សាបាក់បែករបស់សាលាបឋមសិក្សាម្រាម បោះបង់ចោលយូរមកហើយ។

លោកនាយកបន្តទៀតថា អនុវិទ្យាម្រាមគ្មានអគារសិក្សា គ្មានអគារទីចាត់ការ គ្មានបណ្ណាល័យ និងគ្មានសម្ភារប្រើប្រាស់ ជាច្រើនទៀតដូចជា កុំព្យូទ័រ សម្រាបសាលា និងភ្លើងអគ្គីសនីជាដើម។ លោកនាយកបន្តទៀតថា សិស្សចំណុះអនុវិទ្យាល័យម្រាម មានចំនួន០៧ភូមិ គឺ៖១-ភូមិម្រាមខាងត្បូង ២-ភូមិម្រាមខាងជើង ៣-ភូមិអកមូល ៤-ភូមិតាទ្រូ ៥-ភូមិបឹងភេ៦-ភូមិត្រពាំងជ័រនិង៧-ភូមិព្រៃស្រះ។

ចំណែកលោកម៉ម សាវុធ នាយកសាលាបឋមសិក្សាម្រាម បានឲ្យដឹងថា សាលាបឋមសិក្សាម្រាម មានផ្ទៃដីសរុប៨,៩៧៧,២៥ម៉ែត្រការ៉េ មានបុគ្គលិក១៥នាក់ ស្រី០៨នាក់ មានសិស្សសរុប៤៧២នាក់ ស្រី២១០នាក់ មាន១៣ថ្នាក់ ចំណែកអគារសិក្សាមាន២ខ្នង ស្មើ៧បន្ទប់ (ចែកជា២ពេលព្រឹកល្ងាច)។

លោកនាយកបន្តទៀតថា អគារសិក្សា ក៏ចាស់ទ្រុឌទ្រោមដែរ ពេលមានភ្លៀងខ្យល់ត្រូវជម្លៀសសិស្សចេញពីសាលារកកន្លែងមានសុវត្ថិភាព ដូច្នេះតម្រូវការ អគារ១ខ្នង ស្មើ៦បន្ទប់ បំពាក់គ្រឿងសង្ហារឹម តុ កីអី ក្តាខៀននិងអគារទីចាត់ការ០១ខ្នងទៀត ខណៈសិស្សកំពុងសិក្សានៅសាលាបឋសិក្សាម្រាមនេះ គឺមកពី៧ភូមិដែរ គឺភូមិម្រាមខាងត្បូង ភូមិម្រាមខាងជើង ភូមិត្រពាំងជ័រ ភូមិអកមូល ភូមិតាទ្រូ ភូមិល្បើកនិងភូមិព្រៃស្រះក្នុងឃុំម្រាមនេះ ដូចនេះហើយទើបរូបលោកក៏ដូចជាលោកគ្រូអ្នកគ្រូមាតាបិតាសិស្សានុសិស្សសូមអំពាវនាវសប្បុរសជន និងរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តមេត្តាចុះមកពិនិត្យនិងផ្តល់អគារសិក្សា ដោយក្តីអនុគ្រោះ៕ យឹម សុថាន


ចែករំលែក៖