ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រាដេកស្លាប់នៅវាលស្រែទាំងមេឃកំពុងភ្លៀងបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសសង្ស័យស្រវឹងស្រាម្នាក់ ត្រូវបានកម្មការិនីប្រទះឃើញដេកស្លាប់កណ្ដាលវាលស្រែ ខណៈមេឃកំពុងភ្លៀងបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍មកក្រុមគ្រួសារ និងសមត្ថកិច្ចមកអន្តរាគមន៍កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើភ្លីស្រែ ត្រង់ចំណុចភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ។

យោងតាមលោកពិន អានអធិការនគរបាលស្រុកស្វាយជ្រំបានប្រាប់អ្នកសារព័ត៌មាននគរវត្តថា បុរសរងគ្រោះមានឈ្មោះ ហ៊ូត សេរី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដមានប្រពន្ធឈ្មោះ អិុច សុផៀន អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាប៉ឃុំតាសួស ស្រុកស្វាយជ្រំ។

បើតាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើជាមនុស្សស្រវឹងខួបផឹកមិនលោះថ្ងៃឡើយ ឲ្យតែដើរដល់កន្លែងណា គឺដេកកន្លែងហ្នឹង។

ប្រភពបន្តថា មុនពេលប្រទះឃើញគឺកម្មការិនីរោងចក្របាននាំគ្នាទៅធ្វើការដូចសព្វដង តាមវាលស្រែ បន្ទាប់មកស្រាប់តែឃើញបុរសម្នាក់ដេកស្លាប់ទាំងមានភ្លៀងធ្លាក់បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលមន្ត្រីកងរាជអាវុធហត្ថស្រុក និងនគរបាលជំនាញបានមកពិនិត្យសាកសពរួមទាំងគ្រូពេទ្យបញ្ជាក់ថា សពពិតជាស្លាប់ដោយសារខ្យល់គរ មិនមែនជារឿងឃាដកម្មអ្វីនោះទេ ដោយបុរសខាងលើត្រូវបានក្រុមគ្រួសារប្រាប់ថា ពេលផឹកស្រាម្ដងៗគឺមិនមានហូបបាយនោះទេ។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន


ចែករំលែក៖