ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្មសហការជាមួយអាវុធហត្ថស្រុកបារាយណ៍ឃាត់ទ្រាក់ទ័រនិងរថយន្តដឹកឈើគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការបញ្ជាផ្ទាល់ពីលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឃាត់ទ្រាក់ទ័រនៅចំនុចតាមបណ្តោយផ្លូវក្រាលគ្រួសក្រហមស្ថិតនៅ ភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំក្រោយពីឃាតរួច ឃើញមានប្រភេទឈើ តាត្រាវ ជាប្រភេទឈើកម្រ ហើយដែលច្បាបហាមឃាត់។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា បានឃាត់ខ្លួនតៃកុងត្រាក់ទ័រម្នាក់ឈ្មោះ សាំង ប៉ែត មានទីលំភូមិពង្រ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្រោយពីឃាតត្រាក់ទ័ររួចបានអូសវត្ថុតាងជា ប្រភេទឈើតាត្រាវ ទៅរក្សាទុក និងវាស់វែង មានចំនួនឈើ១២ដុំ ស្មើ២.៩៥៥ម៉ែត្រគូប។

នៅព្រឹកថ្ងៃដដែលនេះដែរ កម្លាំងអាវុធហត្ថស្រុកបារាយណ៍ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ ធ្វើសកម្មភាពដេញចាប់រថយន្តកាមរីគូទហើម ពណ៌ស្លែ១គ្រឿងស្លាកលេខ កណ្តាល 2A2678 ដឹកឈើ ប្រណីតប្រភេទឈើធ្នង់តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចទល់មុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍។

ក្នុងនោះរឹបអូសរថយន្ត និងឈើប្រណីតប្រភេទធ្នង់ចំនួន១០ដុំធំតូច ហើយឃាត់ខ្លួនមនុស្ស២នាក់ បញ្ជួនមកផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ទី១ឈ្មោះចាន់ សំអុល ភេទប្រុស អាយុ៣២ឆ្នាំ ទី២ឈ្មោះអ៊ឹម សារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងពីរមានទីនៅភូមិ វាអំពុក ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕ ប៊ុនរិទ្ធី


ចែករំលែក៖