ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្តាយទ្រាំលែងបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកូនប្រុសម្នាក់ដែលបែកថ្នាំដល់កម្រិត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបាន ឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីទទួលបណ្តឹងពីឪពុកម្តាយដោយទ្រាំលែងបាននូវទង្វើកូនប្រុស ដែលធ្លាប់តែរមទមសុភាពរាបសារ បែរជាកោងកាច លែងស្តាប់ដំបូន្មានឪពុកម្តាយ បង្កហិង្សារាល់ថ្ងៃ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដោយសារតែការសេពគប់មិត្តភ័ក្តិខុសប្រើប្រាស់គ្រឿងញៀនដល់កម្រិតលែងដឹងខុសត្រូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យុវជនខាងលើឈ្មោះ សេង សុខា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុជាមួយគ្រួសារ មានម្តាយឈ្មោះ សំ យ៉ា អាយុ៥១ឆ្នាំ មុខរបរមេផ្ទះ ឪពុកឈ្មោះ សុិន ធូ អាយុ៤៨ឆ្នាំ មុខរបរលក់ត្រី ។

តាមសម្តីស្រ្តីជាម្តាយបានឲ្យដឹងទាំងទឹកភ្នែកថា កាលពីមុនកូនប្រុសរបស់គាត់ម្នាក់នេះ មានការងារធ្វើជាសន្តិសុខ និងសុភាពរាបសាររមទម ចេះគោរពចាស់ទុំ ។

ក្រោយមក ដោយសារតែរាប់អានមិត្តភ័ក្តិខុស វក់នឹងគ្រឿងញៀន បោះបង់ចោលការងារ មិនស្តាប់តាមការអប់រំឪពុក ម្តាយ ដើរហើរសេរីរហូតដល់បង្កហិង្សាក្នុងគ្រួសារ វាយឪពុកម្តាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។

ដោយសារតែទ្រាំនឹងទង្វើរបស់កូនប្រុសបែបនេះ លែងបាន ទើបពួកគាត់ដែលជាឪពុកម្តាយសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ដើម្បីចាត់ការទៅតាម ច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖