ភ្នំពេញ៖ យុវជនម្នាក់ ដែលជាសិស្សសាលា ហើយទំនេរមកឃ្វាលគោ ក៏ត្រូវឃាតកមុខស្រស់ វ៉ៃរហូតដល់ស្លាប់នៅកណ្ដាលវាលស្រែគួរឲ្យអាណោចអាធ័ម រហូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិអន្លូងគង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់មកសមត្ថកិច្ចឋ និងប្រជាពលរដ្ឋសហការគ្នាដេញចាប់ជនដៃដល់បានមកវិញភ្លាមៗផងដែរ ។
យុវជនរងគ្រោះខាងលើនេះឈ្មោះ លន ឌុន អាយុ១៣ឆ្នាំ មានមុខរបរជាសិស្សនៅសាលាវត្តហារ រស់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់មានឈ្មោះ វ៉ា រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ជាមនុស្សបែកថ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុនោះដែរ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានម្ដាយប្រើឲ្យទៅមើលគោ ដែលចងឲ្យស៊ីស្មៅនៅចំណុចវាលស្រែកន្លែងកើតហេតុខាងលើនោះ ហើយពេលទៅដល់ស្រាប់តែលេចមុខជនដៃដល់ម្នាក់នោះដើរទៅជិត ធ្វើសកម្មភាពដេញវាយជនរងគ្រោះ និងច្របាច់កហើយច្រមុខទឹកស្រែ ពេលនោះក្មេងប្រុសរូបនោះបានស្រែកឲ្យអ្នកភូមិជួយ ប៉ុន្តែគ្មាននរណាទៅជួយទេ ទីបំផុតឃាតកមុខស្រស់រូបនេះបានវាយ និងចាប់ក្មេងប្រុសខាងលើជ្រមុជទឹកនៅវាលស្រែនោះរហូតដល់ស្លាប់តែម្ដង។
បើយោងតាមចម្លើយសារភាពរបស់ជនដៃដល់ បានឲ្យដឹងថា ខ្លួនមានប្រពន្ធ និងកូន ហើយកន្លងមកខ្លួននិងជនរងគ្រោះមិនធ្លាប់មានគំនុំនឹងគ្នាពីមុននោះទេ ហើយមុនពេលកើតហេតុខ្លួនបានឃើញជនរងគ្រោះដើរមកចង់ចូលផ្ទះរបស់ខ្លួនក្នុងភូមិកើតហេតុខាងលើ ពេលនោះខ្លួនសួរថា មកធ្វើអីដើរចូលផ្ទះអញធ្វើអី ពេលនោះជនរងគ្រោះមិនតបគិតតែដើរចូលមកទៀត ហើយបានយកកាំភ្លោះមកបាញ់លើខ្លួនបណ្តាលឲ្យឈឺ ទើបខ្លួនខឹងផ្ទុះហិង្សារវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យដួលទៅលើដីរួចខ្លួនឡើងពោកពីលើ ដាក់នឹងជង្គង់ផង នឹងកែងផងបណ្តាលឲ្យសន្លប់ធ្ងន់រហូតដល់ស្លាប់ រួចក៏លើកជនរងគ្រោះទៅទម្លាក់ចូលទឹកស្រះក្នុងដីឡូត៍ខាងកើតផ្ទះដើម្បីច្រមុជទឹកបន្ថែមដោយគ្រៀកដៃពីក្រោយ រហូតស្លាប់បែបនេះតែម្តង។ ចំណែកមូលហេតុ គឺគេអះអាងថា ខ្លួនគេត្រូវគ្រូចូល ក៏សម្លាប់ជនរងគ្រោះបែបនេះតែម្តង។
ក្រោយពេលកើតហេតុ ជនដៃដល់បានរត់គេចខ្លួន ប៉ុន្តែរត់មិនរួចនោះទេដោយសារតែប្រជាពលរដ្ឋ រួមជាមួយកម្លាំងនគរបាលនាំគ្នាដេញចាប់បាន រួចបាននាំទៅកាន់ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ