ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ជាច្រើនត្រូវកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀងនៅវៀតណាម

ចែករំលែក៖

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ភ្លៀងធ្លាក់ខ្លាំងអូសបន្លាយបង្កឲ្យមានគ្រោះទឹកជំនន់ ក្នុងពេលដែល វារីអគ្គិសនី ក៏បានបង្ហូរទឹកចេញធ្វើឲ្យទឹកជំនន់កាន់តែខ្លាំងឡើងៗ ពិសេសគឺនៅក្នុងតំបន់ទំនាបដូចជា Dai Loc, Nong Son, ទីក្រុង Hoi An ខេត្តក្វាងណាមលិចលង់ក្នុងជំនន់ទឹកភ្លៀង និងធ្វើឲ្យតំបន់ជាច្រើនត្រូវកាត់ផ្តាច់។

កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ផ្លូវថ្នល់ជាច្រើនត្រូវលិចលង់ក្រោមទឹកជំនន់ជាងមួយម៉ែត្រ ធ្វើឲ្យចរាចរណ៍មិនអាចធ្វើដំណើរបានឡើយ។

តាមមន្ទីរគ្រប់គ្រង និងបង្កាគ្រោះធម្មជាតិបានឲ្យដឹងថា វារីអគ្គិសនីចំនួន៤ នៅខេត្តក្វាងណាមបានបង្ហូរទឹកចេញដោយពេញពេក បានបង្កឲ្យទឹកជំនន់កាន់តែខ្លាំង។

នៅខេត្ត Binh Dinh ទឹកជំនន់នៅតាមដងទន្លេ Ha Thanh កើនឡើងខ្ពស់ធ្វើឲ្យជនលិចតំបន់ជាច្រើននៅក្បែរៗនោះ។

នៅថ្ងៃទី២០ ខែវិច្ឆិកានោះដែរ អភិបាលក្រុងរង នៃទីក្រុងហូជីមិញ បានទៅត្រួតពិនិត្យទីតាំងជាច្រើន ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ដោយសារតែព្យុះលេខ១៤វាយប្រហារ ក្នុងនោះខណ្ឌ Thu Duc រងផលប៉ះពាល់ខ្លាំងជាងគេ។

មន្ត្រីខណ្ឌខាងលើបានបញ្ជាក់ថា ផ្ទះពលរដ្ឋជាច្រើនខ្នង ត្រូវបានខ្យល់គួចប៉ើងដំបូល និងដើមឈើជាច្រើនត្រូវដួលរលំ ក្នុងនោះនៅក្នុងខណ្ឌ Thu duc ផ្ទះ២៣១ខ្នង ត្រូវប៉ើងដំបូល ហើយដើមឈើ១៣៤ដើមបាក់រលំ។

ក្រៅពីនេះ ព្យុះលេខ១៤ក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាលខេត្តតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងត្បូងវៀតណាមផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖