ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការនី ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ នៃក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited ដែលស្ថិត ក្នុងភូមិ ច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុនមានកម្មករកម្មការនីខ្មែរធ្វើការ ប្រមាណជាង ១,០០០នាក់ ធ្វើការផ្នែកកាត់ដេរសំលៀកបំពាក់កូនក្មេង និងមនុស្សធំ ដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានសេចក្តីសប្បាយរីករាយ ដែលមានឱកាសបានចុះមកជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកូនក្មួយកម្មករដោយផ្ទាល់ ដើម្បីបានដឹងពីស្ថានភាពការងារ និងជីវភាពរបស់កម្មករកម្មការនី និងបានថតរូបអនុស្សាវរីយ៍ Selfie យ៉ាងរីករាយ។
ក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានជួបកម្មការនីមានផ្ទៃពោះចំនួន២៣នាក់ ដែលកំពុងបំរើការងារក្នុងរោងចក្រនេះ ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភមួយចំនួនសំរាប់ជួយពេលសំរាលកូន។ ក្នុងពេលជួបសំណេះសំណាលនេះ សម្តេចតេជោ បានមានប្រសាសន៍ថា ការចុះជួបដោយផ្ទាល់របស់ សម្តេចជាមួយកូនក្មួយកម្មករនិយោជិត គឺមិនមែនជារឿងចៃដន្យ ឬរឿងកំប៉ិកកំប៉ុកនោះឡើយ។ នេះគឺជាពេលវេលាសមស្របដើម្បីបានស្វែងយល់អំពីស្ថានភាពសុខទុក្ខការងារកូនក្មួយកម្មករផង និងដើម្បីជំរុញគោលនយោបាយឧស្សាហកម្មជាតិ (២០១៥ -២០២៥) ផង។
តាមរយ:កម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានរកឃើញបញ្ហាប្រឈមមួយចំនួនរបស់កូនក្មួយកម្មករ កម្មការនីក្នុងពេលបម្រើការងារ។ សម្តេចតេជោ បានរកនិងបានផ្តល់នូវដំណោះស្រាយសមស្របជាបន្តបន្ទាប់ដែលបានធ្វើអោយកម្មកររីករាយសប្បាយចិត្តគ្រប់ៗគ្នា។
ចាប់តាំងពីពេលដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបកូនក្មួយកម្មករ គឺសម្តេចតេជោបានដោះស្រាយបញ្ហា និងផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់កម្មករ និងនិយោជិត ដែលបានលើកទឹកចិត្តដល់អ្នកវិនិយោគគិនក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករអោយកាន់តែប្រសើរឡើង។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសុំអោយម្ចាស់រោងចក្រ អនុញ្ញាតអោយក្មួយៗកម្មករ កម្មការនីបានឈប់សំរាក១ថ្ងៃផងដែរ។ នៅថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះមកសំណេះសំណាលជាមួយកូនក្មួយកម្មករ កម្មការនីនៅរោងចក្រតំបន់ជិតនេះជាបន្តទៀត។ កិច្ចសំណេះសំណាលថ្ងៃនេះគឺបានរិតចំណងនៃទំនាក់ទំនងកាន់តែល្អទុកចិត្ត និងកក់ក្តៅរវាងសម្តេចតេជោប្រមុខដឹកនាំ និងកូនក្មួយកម្មករកម្មការនី៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ