ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅតាមផ្លូវ២១៧

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅតាមផ្លូវ២១៧ កាលវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅតាមបណ្ដោយផ្លីវ២១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន២នាក់ ទី១មានឈ្មោះ គឹម អាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិសំបូរ សង្កាត់សង្កោ ខណ្ឌសង្កោ និងមានស្រុកកំណើតនៅភូមិតាយ័ន ឃុំពងទឹក ស្រុករំដូល ខេត្តស្វាយរៀង និងទី២មានឈ្មោះ ឈឹម ធារី អាយុ២៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា និងមានស្រុកកំណើត នៅ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលដង្កោបានចុះល្បាតនៅក្នុងមូលដ្ឋាន ក៏បានជិះម៉ូតូមកដល់ចំណុបកើតហេតុខាងលើលស្រាប់តែឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពកាត់ខ្សែភ្លើង ពេលនោះសមត្ថកិច្ចក៏ដេញចាប់ជនសង្ស័យទាំង២នាក់ និងបានយកមកសួរនាំនៅប៉ុស្តិ៍ដង្កោ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពកាត់ខ្សែភ្លើងពិតប្រាកដមែន ហើយពួកគេទាំង២នាក់ ក៏ធ្លាប់បានធ្វើសកម្មភាពកាត់ខ្សែភ្លើងជាច្រើនលើកមកហើយនៅក្នុងខណ្ឌដង្កោនេះ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរ​នៅប៉ុស្តិ៍ដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ខដង្កោចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖