ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរដល់រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តដឹកទូកុងតឺន័រ សង្ស័យខុសបច្ចេកទេសរអិលធ្លាក់សង្កត់លើបុរស២នាក់ ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណះដែលពួកគេកំពុងតែជិះម៉ូតូចុះពីលើស្ពានលីយ៉ុងផាត់កាលពីម៉ោង៨និង២០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវកប់ស្រូវ នៅចំណុចគល់ស្ពានលីយ៉ុងផាត់ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះវិចិត្រ អាយុ២៤ឆ្នាំ ស្នាក់នៅម្តុំក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ រីឯអ្នកបើកបរម៉ូតូឈ្មោះ ស៊ិង សុខា អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរស២នាក់ជិះម៉ូតូមួយគ្រឿង ពណ៌ក្រហម ស្លាកលេខភ្នំពេញ១FZ-១៩៧០ធ្វើដំណើរតាមផ្លូវកប់ស្រូវពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កមួយគ្រឿងពណ៌សលាយទឹកក្រូច ស្លាកលេខ ភ្នំពេញ៣C-២៩០៤ ជាប្រភេទរថយន្តដឹកទូកុងតឺន័រ ធ្វើដំណើរស្របទិសគ្នា បើកចុះពីលើស្ពានលីយ៉ុងផាត់យ៉ាងលឿន ហើយសង្ស័យថាទូកុងតឺន័ររបូតគន្លឹះ ឬក៏ដាក់ខុសបច្ចេកទេសស្រាប់តែទូកុងតឺន័របានធ្លាក់មួយជំហៀងកិនចំម៉ូតូជនរងគ្រោះទាំង២នាក់ ដោយកិនបុរសដែលអង្គុយពីក្រោយបណ្តាលឲ្យធ្លាយពោះវៀនស្លាប់ ចំណែកឯអ្នកឌុបខ្ទាតចេញក្រៅរងរបួសធ្ងន់ ។
ភ្លាមៗរថយន្តបង្កមិនទាន់អស់ល្បឿននោះទេ បានអូសទាំងម៉ូតូនៅជាប់ក្រោមទូកុងតឺន័ររេចង្កូតឡើងទៅលើខឿនសួនច្បារពុះចែកទ្រូងផ្លូវទៅបុករថយន្តកុងតឺន័រដឹកដែកមួយគ្រឿងទៀតដែលបើកបញ្រ្ចាសទិសគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យខ្ទេចមួយកំណាត់ខាងមុខ សំណាងល្អម្ចាស់រថយន្តកុងតឺន័រមិនមានរងរបួស ឯរថយន្តបង្កអ្នកបើករត់គេចខ្លួនអស់នៅសល់តែរថយន្តច្រង៉ាងកណ្តាលផ្លូវបង្កស្ទះចរាចរណ៍រាប់ម៉ោង ។
ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចដឹកយកទៅដំកល់នៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងរកសាច់ញាតិមកយកទៅធ្វើបុណ្យទៅតាមប្រពៃណី រីឯរថយន្ត និងម៉ូតូវិញត្រូវបានសមត្ថកិច្ចគាត់វាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដោះស្រាយគ្នាតាមនីតិវិធី ៕ ស តារា