ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់កេងប្រវញ្ចកម្លាំងកុមារឲ្យដើរសុំទានរកលុយឲ្យខ្លួន និងរំដោះបានកុមារប្រុសស្រី១១នាក់ នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមការអនុវត្តតាមបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចេញទៅបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ និងរំដោះកុមារប្រុស ស្រី១១នាក់ ជាប់ពាក់ព័ន្ធរងការចោទប្រកាន់កេងប្រវញ្ចកម្លាំងកុមារឲ្យដើរសុំទានយកប្រាក់ឲ្យខ្លួន ។

ការឃាត់ខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចកាស៊ីណូផ្កាយប្រាំ ស្ថិតនៅក្រុងប៉ោយប៉ែត ដោយមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថា កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបង្រ្កាបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ដែលមាឈ្មោះ ១,ឈៀង វណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ ២,តូច គង់ ភេទស្រី អាយុ៤៤ឆ្នាំ គ្មានមុខរបរពិតប្រាកដពួកគេទាំង២នាក់ រស់នៅក្រុងប៉ោយប៉ែត ក្រោយកម្លាំងអាវុធហត្ថបានទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីសកម្មភាពរបស់ជនសង្ស័យទាំង២នាក់ ដែលធ្វើការគាបសង្កត់គំរាមកំហែងឲ្យកុមារអនាថាគ្មានផ្ទះសំបែងត្រឹមត្រូវឲ្យពួកគេដើរសុំទានរកប្រាក់ឲ្យខ្លួនក្នុងម្នាក់ៗយ៉ាងហោចណាស់១ថ្ងៃឲ្យបាន៥ម៉ឺនរៀល ។

ក្រោយពីទទួលព័ត៌មាននោះ ហើយលោកមេបញ្ជាការអាវុធហត្ថខេត្តក៏បានបញ្ជាឲ្យកម្លាំងក្រោមបង្គាប់ចេញទៅចាប់ឃាត់ខ្លួនពួកគេទាំង២នាក់ដើម្បីបញ្ជូនយកមកសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

លោកប្រាប់ឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឈៀង វណ្ណារ៉ាបានឆ្លើយសារភាពថា ខ្លួនគេធ្វើសកម្មភាពដាក់កំណត់ឲ្យក្មេងរកប្រាក់ឲ្យខ្លួននោះមែន ខ្លួនគេមានកូនចៅ ដែលជាកុមារសរុប១៥នាក់ សម្រាប់ឲ្យដើរសុំទានរកលុយយកមកឲ្យខ្លួនដើម្បីបានលុយទិញគ្រឿងញៀនប្រើប្រាស់ ។ រូបគេធ្លាប់ជាប់នៅមណ្ឌលអប់រំកែប្រែគ្រឿងញៀមភ្នំបាក់ម្តងរួចហើយមានរយៈពេល៤ខែផងដែរ ។

លោកបញ្ជាក់ឲ្យដឹងទៀតថាកុមារទាំង១១នាក់រងគ្រោះត្រូវបានប្រគល់ឲ្យមណ្ឌលកែប្រែគ្រឿងញៀនភ្នំបាក់ដើម្បីយកទៅចិញ្ចឹមថែរក្សាបីបាច់ជាបណ្តោះអាសន្ននោះសិន ។ ចំណែកជនសង្ស័យ២នាក់កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា នៅក្រុងប៉ោយប៉ែត គេសង្កេតឃើញមានកុមារអនាថា ជាច្រើនកុមារខ្លះ ហិតកាវ និងប្រើប្រាស់គ្រឿងញៀន ដើរសុំទាននៅក្នុងប៉ោយប៉ែតយ៉ាងអាណាធិបតេយ្យ បង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។ ក្រុងប៉ោយប៉ែតគឺជាតំបន់ ដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិធ្វើដំណើរឆ្លងកាត់ចេញចូលប្រទេសកម្ពុជានោះផងដែរ កុមារទាំងនោះត្រូវបានគេឃើញដើរសុំទានភ្ញៀវទេសចរផងនោះទៀត ។ សកម្មភាពរបស់កុមារដើរសុំទានបានបង្កឲ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរផងដែរ៕ សំ វិច្ឆិកា


ចែករំលែក៖