ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តជួបសំណេះសំណាលជាមួយអ្នកវិនិយោគមកពីក្រុងថៃចូវ ខេត្តជៀងស៊ូ សាធារណរដ្ឋប្រជាមានិតចិន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង ក្រុង​បាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកវិនិយោគមកពីក្រុងថៃចូវ ខេត្តជៀងស៊ូ សាធារណរដ្ឋប្រជាមានិតចិនគោលបំណងដើម្បីសិក្សា​ស្វែងយល់​អំពី​សក្កា​នុព​ល​និង​ស្វែងរក​ការងារ​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង ក្រុង​បាវិត ។

ក្នុងឱកាសនោះដែរ លោកហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសតាយសេង ដែលបានរៀបចំនូវពិធីដ៏មានសារៈសំខាន់នេះឡើង និងបានបង្ហាញពីស្ថានភាព និងសក្ដានុពលសំខាន់ៗរបស់ខេត្តជម្រាបជូនអ្នកវិនិយោគទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ ព្រមទាំងបានអំពាវនាវ និងសំណូមពរដល់អ្នកវិនិយោគអញ្ជើញមកវិនិយោគនៅក្នុងខេត្តឲ្យបានកាន់តែច្រើនថែមទៀត ។

លោកក៏បានលើកឡើងថា ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ ទើបធ្វើអោយមានការ​អភិវឌ្ឍ​​រីកចម្រើន​បាន​លើ​គ្រប់​វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្សកម្ពុជា។

បច្ចុប្បន្ន​ខេត្តស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​១១​កន្លែង ​កំពុងដំណើរការ​៧​កន្លែង ក្នុងនោះ​រួមមាន​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង, ​មេន​ហាត​ធេ​ន​, ​នាគរាជ​, ​សាន់​តុង​, ​ហាយ​ផាក​, ​ជី​ហ្គា​ ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​លូ​ថៃ និង​មាន​រោងចក្រ សហគ្រាស​ចំនួន ១៦២​កន្លែង​ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម​ចំនួន​៧៣​កន្លែង និង​មាន​កម្មករ​ប្រមាណ​ជាង​៦ម៉ីននាក់​ផងដែរ​។

លោកបាន​បន្ថែមទៀតថា នាពេល​ថ្មីៗ​នេះ ខេត្តស្វាយរៀង បានទទួល​ការវិនិយោគ​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​ដែលជា​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន​Great Mekong Global​លើ​ផ្ទៃដី​១១១​ហិកតា ក្នុង​ទុនវិនិយោគ​៧៥​លាន​ដុល្លា​អា​មេ​រិច​ដែល​កំពុងដំណើរការ​ចាក់​ដី សាងសង់​អាគារ ហើយ​និង​ចាប់ផ្តើម​ដំណើរ​ឆាប់ៗ​ខាងមុខនេះ​។

បន្ទាប់មកអភិបាលរងខេត្តក៏ដូចជា​គណៈប្រតិភូ​ចិន​​បាន​ដើរ​ទស្សនា​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង​ដែលមាន​រោងចក្រ សហគ្រាស​ជាច្រើន ជាពិសេស​មាន​កន្លែង​តំឡើង​ផ្ទាំងសិលា​ពន្លឺព្រះអាទិត្យ​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ទឹកដី​ខេត្តស្វាយរៀង​ផងដែរ​៕ យឹម សុថាន


ចែករំលែក៖